(ភ្នំពេញ)៖ បុគ្គលិក និង សិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រី ក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។
លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសចូលរួមបំពេញការងារក្នុងវិស័យនានាដែលទីផ្សារការងារកំពុងត្រូវការ។
ជាមួយគ្នានេះដែរ លោកស្រី អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានលើកឡើងផងដែរថា តាមការសង្កេតរបស់លោកស្រីផ្ទាល់ សព្វថ្ងៃនេះស្ត្រី គឺត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់។
លោកស្រីបានបន្តថា នៅកន្លែងបំពេញការងារ លោកស្រីទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានឱកាសទទួលបានតួនាទី មុខតំណែងជាអ្នកដឹកនាំ ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។
ជាមួយគ្នានេះ ក្រុមសិស្សនារីៗ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប អាចចូលរួមសិស្សារៀនសូត្រដោយពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចចូលរួមបំពេញការងារ ប្រកបរបររកស៊ី និងមានសិទ្ធិអាទិភាពក្នុងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ ។
ឆ្លៀតក្នុងឳកាសនេះផងដែរ បុគ្គលិក និង សិស្សនារីៗនៃវិទ្យាស្ថានបច្ចេកទេស (TVET) ក៏បានចូលរួមអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលលើកឡើងនូវប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគប់រូប» ផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញយកចិត្តទុកដាក់ឱ្យមានចរន្តយ៉ាងសកម្មនៃស្ត្រីក្នុងការចូលរួមយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ វិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសង្គមនានា ដែលជាកត្តា ចូលរួមចំណែកក្នុងសកម្មភាពសម្រាប់ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទន្ទឹមនេះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»៕