(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយធនាគារ វឌ្ឍនៈ អភិវឌ្ឍ Mini-App លើកម្មវិធីទូរសព្ទដៃរបស់ធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កិច្ចសហប្រតិបត្តិការនេះមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដោយងាយស្រួល តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារ វឌ្ឍនៈ (VB App) និង ការអញ្ជើញមកដល់ផ្ទាល់នៅសាខាទាំង ៤១ របស់ធនាគារ វឌ្ឍនៈ នៅទូទាំងប្រទេស។
កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អភិវឌ្ឍដោយអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និង សហការជាមួយគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាលនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ទទួលបានវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាទម្រង់ឌីជីថល។ តាមរយៈការចុះឈ្មោះ នេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ និង ការគាំពារផ្សេងៗដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល រួមមាន ការទទួលបាននូវការបណ្ដុះបណ្ដាល, ការស្នើសុំប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាដើម។
ដើម្បីចូលរួមចំណែក និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ធនាគារ វឌ្ឍនៈ បានសហការគ្នា អភិវឌ្ឍ Mini-App លើកម្មវិធីទូរសព្ទដៃរបស់ធនាគារ និង ត្រៀមខ្លួនបម្រើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដល់ប្រជាពលរដ្ឋ នៅតាមគ្រប់សាខារបស់ធនាគារ នៅទូទាំង ប្រទេស។ ប្រជាពលរដ្ឋដែលមានបំណងចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចស្នើសុំចុះឈ្មោះនៅគ្រប់សាខារបស់ធនាគារ វឌ្ឍនៈបាន បើទោះបីជាអតិថិជនរបស់ធនាគារ វឌ្ឍនៈ ឬ មិនមែនក៏ដោយ។ ក្នុងករណីជាអតិថិជនរបស់ធនាគារ វឌ្ឍនៈ លោកអ្នកក៏អាចចូលទៅកាន់កម្មវិធីទូរសព្ទដៃរបស់ធនាគារ វឌ្ឍនៈ (VB App)ដើម្បីធ្វើការចុះឈ្មោះបានយ៉ាងងាយស្រួល និង ឆាប់រហ័សផងដែរ។
លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានគូសបញ្ជាក់ថា «ការចូលរួមរបស់វិស័យឯកជន ដូចជាធនាគារ វឌ្ឍនៈ ជាមួយរាជរដ្ឋាភិបាល មានសារៈសំខាន់ខ្ពស់ក្នុងការបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ និង បង្កើតជាគំរូសហថាមពល (Synergy) រវាងរដ្ឋ និង ឯកជន។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងចំណុចចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាបន្ថែមទៀត។»
លោកបណ្ឌិត Anthony Chin អគ្គនាយកប្រតិបត្តិធនាគារ វឌ្ឍនៈ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានក្លាយជាចំណែកមួយនៃគំនិត ផ្តួចផ្តើមនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ធនាគារ វឌ្ឍនៈនឹងបន្តខិតខំប្រឹងប្រែង ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ ហើយធានាឱ្យបានថា ប្រជាពលរដ្ឋទាំងអស់ រួមទាំង សហគ្រិន និង បុគ្គលស្វ័យនិយោជន៍ អាចទទួលបានសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ»៕