(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា (ស.ស.យ.ក) នាពេលបច្ចុប្បន្ននេះមានសក្តានុពល និងមានសកម្មភាពខ្លាំងក្លាជាងស្ថាប័នមួយចំនួនទៀត ដែលកំពុងតែចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ហើយលោករដ្ឋមន្រ្តីបានអះអាងថា យុវជនជំនាន់មុនប្រឈមនឹងសង្គ្រាម គ្មានឱកាសគ្រប់គ្រាន់អភិវឌ្ឍខ្លួនដូចយុវជនជំនាន់ក្រោយនោះទេ។
លោករដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ ខណៈលោក បានអនុញ្ញាតឲ្យលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងក្រុមយុវជន ស.ស.យ.ក ចូលជួបសម្តែង ការគួរសម និងរាយការណ៍ជូនពី បច្ចុប្បន្នភាពការងារ នៅក្រសួងសង្គមកិច្ច នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ក្រោយពីលោកសង្កេតឃើញថា ស.ស.យ.ក នាពេលបច្ចុប្បន្ននេះបានបំពេញសកម្មភាពបានច្រើន ក្នុងការជួយ សង្គមកម្ពុជា និងនៅតាមសហគមន៍មួយចំនួនទៀត។ លោក វង សូត បានបន្តថា អ្វីដែលពិសេសនោះគឺ ស.ស.យ.ក បានបង្កើតនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្គ សួស្តីឆ្នាំថ្មី រយៈពេល៣ឆ្នាំកន្លងមកនេះទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ ក្រៅពីការទទួលបានលទ្ធផលល្អនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្គ បានផ្សព្វផ្សាយឲ្យសកលលោក បានស្គាល់ពីសក្តានុពលនៃប្រទេសកម្ពុជា កាន់តែច្បាស់ជាងមុន ហើយបានធ្វើឲ្យកម្ពុជាល្បីរន្ទឺជុំវិញពិភពលោក។
លោក វង សូត បានសម្តែងការកោតសរសើរ ដល់ការដឹកនាំរបស់ លោក ហ៊ុន ម៉ានី និងការខិតចំប្រឹងប្រែងរបស់ យុវជន ស.ស.យ. ដែលបានចំណាយពេលវេលា បំពេញការងារ បានយ់ាងល្អ ដល់ការអភិវឌ្ឍន៍ប្រទេស ទោះបីទាំងអស់នេះ ជាការងារស័គ្រចិត្តក៏ដោយ។
ជាកាឆ្លើយតប លោក ហ៊ុន ម៉ានី បានអរគុណដល់ លោករដ្ឋមន្រ្តី វង សូត ដែលជានិច្ចកាលបានជួយជ្រោមជ្រែង និងគាំទ្រ ដល់យុវជន ស.ស.យ.ក មិនថា តែលើការៀបចំ ព្រឹត្តិការណ៍ អង្គរសង្រ្កាន្គ និងការជួយផ្គត់ផ្គង់លើសកម្មភាពប្រកួតកីឡា មួយចំនួនទៀតផងដែរ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមសមាជិក សមាជិកាទូទាំងប្រទេសរបស់ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួនសរុប ៧១៥០៩នាក់ ហើយបានបំពេញការងារគ្រប់សកម្មភាព លើវិស័យជាង៣០ នៅទូទាំងប្រទេស។
ប្រធាន ស.ស.យ.ក បានបញ្ជាក់ជំហរថា ក្រុមយុវជន ស.ស.យ.ក នឹងខិតខំបន្ត ប្រឹងប្រែងធ្វើការងាររបស់ខ្លួនជាបន្តទៀត ដើម្បី ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចំរើនទៅមុនទៀត។
គួរបញ្ជាក់ថា ជំនួបរវាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាពេលនេះ គឺជាការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាឲ្យកាន់តែស៊ីជំរៅថែមមួយកំរិតទៀត ជាពិសេស គឺដើម្បីពង្រឹងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឲ្យរីកចំរើនបន្ថែមទៀត៕