(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដើម្បីអបអរសាទរ និងលើកកម្ពស់សំឡេងស្ត្រី និងកុមារី ក៏ដូចជាការចូលរួមជាមួយចលនាសាកល ដើម្បីទាមទារឱ្យមានការបញ្ចប់នូវវិសមភាពដែលរារាំងស្ត្រី និងក្មេងស្រី និងដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាថា នៅពេលដែលស្ត្រី និងក្មេងស្រីមានការរីកចម្រើនសហគមន៍ទាំងមូលក៏មានការរីកចម្រើនផងដែរ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី សៀង សុវត្តិទេវី ប្រធានផ្នែកបង្ការ និងគ្រប់គ្រងជំងឺ និងបញ្ហាសុខភាពសាធារណៈមន្ទីរសុខាភិបាលនៃរដ្ឋបាលធានីភ្នំពេញ និងលោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការ ប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ក្នុងនាមតំណាងលោកវេជ្ជ. ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងមានការចូលរួមពីតំណាងសហគមន៍ ស្ត្រី ក្មេងស្រី និងអ្នកស្ម័គ្រចិត្តចំនួនជាង១០០នាក់ នៅទីតាំងក្នុងគ្លីនិកថែទាំ និងព្យាលបាលជំងឺកាមរោគ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នាឱកាសនោះលោក អ៊ុង គឹមហ៊ាង បានឱ្យដឹងថា ការប្រារព្ធទិវាអន្តរជាតិនារី គឺដើម្បីរំលឹកខួបទី១១៤ ដែលជាថ្ងៃដ៏សំខាន់ និងរហូតដល់មនុស្សគ្រប់គ្នាថា នៅពេលដែលស្ត្រី និងក្មេងស្រីមានការរីកចម្រើន ដូច្នេះសហគមន៍ទាំងមូលក៏មានការរីកចម្រើនផងដែរ ដូចនេះសូមអំពាវនាវឱ្យមានការចូលរួមជាមួយមូលនិធិថែទាំសុខភាពអេដស៍(AHF) ក្នុងការរៀបចំទិវាអន្តរជាតិនារីនៅថ្ងៃនេះ ដើម្បីចូលរួមជាមួយស្ត្រី និងក្មេងស្រីទាំងពិភពលោក ដោយអបអរសាទរសមិទ្ធផលរបស់ពួកគេ ស្របពេលដែលពួកគេកំពុងដើរតួនាទីដ៏សំខាន់ដើម្បីជម្នះឧបសគ្គ ដើម្បីសុខភាព សមភាព និងឱកាស។
ស្ត្រី និងក្មេងស្រីចំនួន៤៤% នៅតែមានការឆ្លងថ្មីនៃមេរោគអេដស៍នៅទូទាំងពិភពលោក, អំពើហឹង្សាលើយេនឌ័រ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព ការរឹតបន្តឹងសិទ្ធិបន្តពូជ វិសមភាពប្រាក់ចំណូល និងឱកាសទទួលបានការអប់រំនៅមានកម្រិត ធ្វើឱ្យមានភាពមិនស្មើគ្នាកាន់តែខ្លាំងបន្ថែមទៀត។ លើសពីនេះទៅទៀតនៅតែមិនអាចទទួលបានផលិតផលសុខភាពពេលមករដូវដែលមានតម្លៃសមរម្យ និងការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានលក្ខណះគ្រប់ជ្រងជ្រោយ។
ការផ្លាស់ប្តូរពិតប្រាកដតម្រូវឱ្យមានការអនុវត្តជាក់ស្តែងច្រើនជាងពាក្យនិយាយ «ស្ត្រី និងក្មេងស្រីនៅគ្រប់ទីកន្លែងត្រូវទទួលបាននូវសិទ្ធិអំណាច ចំណេះដឹង និងធនធានដើម្បីគ្រប់គ្រងសុខភាព អនាគត និងជីវិត» ដូច្នេះទិវាអន្តរជាតិនារីថ្ងៃនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងធ្វើការបញ្ជាក់ថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកចោលឡើយ នេះជាការសន្យារបស់ខ្លួនទូទាំងពិភពលោក។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅទូទាំងពិភពលោក តាមរយៈការស្វែងរកការគាំទ្រឱ្យមានគោលនយោបាយដែលការពារនិងលើកកម្ពស់ស្ត្រី ឬក្មេងស្រី នៅទូទាំងពិភពលោក ការចែកចាយផលិតផលសុខភាពពេលមករដូវដោយឥតគិតថ្លៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ ការពង្រីកលទ្ធភាពទទួលបានសេវាថែទាំ ព្យាបាលមេរោគអេដស៍។
ឆ្លៀតឱកាសនេះដែរលោក អ៊ុង គឹមហ៊ាង ក៏បានថ្លែងអំណរគុណដល់ដៃគូរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ អន្តរជាតិទាំងអស់សម្រាប់ការលះបង់ដ៏ខ្ពង់ខ្ពស់នាពេលកន្លងមក និងអរគុណនូវកិច្ចសហប្រតិបត្តិការជាដៃគូជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មន្ទីរសុខាភិបាលនៃរដ្ឋបាលធានីភ្នំពេញ នៃក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្នុងការត្រួសត្រាយផ្លូវដើម្បីសម្រេចបានការបញ្ចប់អេដស៍។
សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកល ដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់និងការតស៊ូមតិដល់មនុស្សជាង ២.២លាននាក់ ក្នុងប្រទេសចំនួន៤៨ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នគឺជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោក ពីមេរោគអេដស៍/ជំងឺ អេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ៕