(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំកូនចៅដើម្បីក្លាយជាទំពាំងស្នងឫស្សីជាអ្នកសិក្សារៀនសូត្រប្រកបដោយគុណភាព និងជាយុវជនគំរូ មិនសេពគប់នូវអបាយមុខទាំងពួង។
ការអំពាវនាវបែបនេះរបស់លោក សាយ គឹមឡម បានធ្វើឡើងក្នុងឱកាសដែលលោក និងព្រះគ្រូ ឡាំ អ៊ិត ព្រះចៅអធិការវត្តពោធិ៍ដំណាក់ បានអញ្ជើញ និងនិមន្តជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក នៅក្នុងវត្តពោធិ៍ដំណាក់ ក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
លោកអភិបាលស្រុកបានបន្តថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់មួយទៀតដែលនាំឱ្យមានការជួបជុំធ្វើបុណ្យទានរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នាដែលបានមកដោយការលះបង់មិនអាចកាត់ថ្លៃបានរបស់ សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលសន្តិភាពនេះ មិនអាចដោះដូរបាននូវទោះក្នុងតម្លៃណាក៏ដោយ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តការថែរក្សាការពារធនធានធម្មជាតិព្រៃលិចទឹ កនិងមជ្ឈជាតិនៅក្នុងតំបន់ដើម្បីទុកជាសម្បត្តិរួមដល់កូនចៅជំនាន់ក្រោយ ជាពិសេសសូមកុំចេញបោក ជនជាតិឱកាសនិយមដែលតែងតែបំផុសបំផុលនូវអំពើអាណាធិបតេយ្យផ្សេងៗ ដែលអាចប្រឈមនឹងទណ្ឌកផ្លូវម្មច្បាប់ជាធរមាន។ សូមអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំកូនចៅដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាអ្នកសិក្សារៀនសូត្រប្រកបដោយគុណភាពនិងជាយុវជនគំរូ មិនសេពគប់នៅអបាយមុខទាំងពួងថែមទាំងជាកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិពេលខាងមុខ។
លោកអភិបាលស្រុក ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ញាតិញោម ពុទ្ធបរិស័ទព្រះសង្ឃគ្រប់ព្រះអង្គ និងលោកគ្រូ អាចារ្យគណៈកម្មការវត្តឆ្ងាយដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមបច្ច័យដើម្បីកសាងស្រះទឹកដែលជាសម្បត្តិរួមក្នុងពុទ្ធសាសនាក្នុងឱកាសនេះ និងបានសមប្រកបនៅពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកស្ទោង បានចូលរួមបច្ច័យក្នុងពិធីបុណ្យនេះចំនួន ២លាន ៦០ម៉ឺនរៀល ហើយស្រះទឹកនេះមានទំហំបណ្ដោយ ៣៤ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅ ១០ម៉ែត្រ និងអស់បច្ច័យសាងសង់សរុប ៦៣,៧០០ដុល្លារ៕