(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថា ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំង នៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការ លំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ និងបានគូសបញ្ជាក់អំពីការផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំផងដែរ។
លោក ញ៉ឹក បានខេង អភិបាលរងខេត្ត បានរាយការណ៍ជូនអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង ដែលបណ្ដាលឲ្យប៉ះពាល់ខូចខាត ដល់ផលដំណាំស្រូវរបស់ប្រជាជនមួយចំនួន។
ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
លោកបានកោតសរសើរឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើ បងប្អូនអតីតយុទ្ធជនបានល្អប្រសើរ។ ពិសេសយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកជីវភាពប្រចាំថ្ងៃ និងការសហការរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើងបានរស់នៅកសាងជីវភាពថ្មីក្រោមម្លប់សុខសន្តិភាព។
ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដែលរងគ្រោះដោយគ្រោះមហន្តរាយជូនប្រជាជន និងដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ឲ្យបានល្អប្រសើរបន្តទៀត៕