(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបន្តកំណត់ ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល» ស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើ រឿងជោគជ័យនៅខាងក្រៅដែរ»

លោកបន្តថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេង ស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាពនិងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង យេនឌ័រលើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

រដ្ឋមន្រ្តីបានបន្ថែមថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំ ទិវាអន្តរជាតិនារី ៨មីនា និងយុទ្ធនាការនានា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដោយ បានកំណត់ទិវានេះ ជាថ្ងៃឈប់សម្រាកជាផ្លូវការផងដែរ។

ឆ្នាំ២០២៥នេះ ជាខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ដែលត្រូវបានប្រាព្ធធ្វើឡើងក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្នុងគោលបំណងរំលេចអំពីសារៈសំខាន់ នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តែងតែបង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត ជាក់ស្តែងក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្រ្តីបានទទួលឋានៈតួនាទីជាប្រធានរដ្ឋសភា ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្រ្តីបានទទួលឋានៈ តួនាទីជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងតួនាទីជាថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន អង្គភាពនានា និងថ្នាក់ក្រោមជាតិ ដែលបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តី ក្នុងសកម្មភាពសង្គមតាមតួនាទី និង សមត្ថភាពរៀងៗខ្លួន។

ទន្ទឹមនឹងនេះ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងបោះជំហាន ទៅមុខគួរឱ្យកត់ សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន តាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីក្របខណ្ឌ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ សំដៅពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព របស់ប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី និងកុមារនៅក្នុងគ្រួសារក្រីក្រ៕