(សៀមរាប)៖ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអនុញ្ញាត្តឲ្យ លោក Ignacio de Medrano Caballero ប្រធានគម្រោងសហព័ន្ធអឺរ៉ុប-អាស៊ាន អំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ដំណាក់កាលទី៣ (EU-ASEAN Project on the Protection of Intellectual Project Right = ECAP3) និងសហការី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំពោះផ្នែកគំនូរឧស្សហកម្ម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Apsara Palace Resort & Conference Center, នៅទីក្រុងសៀមរាប។
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីការរីកចម្រើនថ្មីៗ ក្នុងវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងនេះការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្ម អឺរ៉ុប (European Patent Office= EPO) ការចូលជាសមាជិកសន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយ បត្រតក្កកម្ម (The Patent Cooperation Treaty = PCT) ដែលស្ថិតក្រោមការគ្រប់គ្រង របស់អង្គការកម្មសិទ្ធិបញ្ញា ពិភពលោក (The World Intellectual Property Organization =WIPO) និងទិសដៅរបស់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង ទីក្រុងហេច (ឡាអេ) ស្តីពីការចុះបញ្ជីគំនូរ ឧស្សាហកម្មជាអន្តរជាតិ (The Hague Agreement for the International Registration of Industrial Design= Hague Agreement)។
លោក Ignacio de Medrano Caballero បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីការអនុវត្ត ដ៏ជោគជ័យនៃគម្រោង ECAP-3 ចំពោះប្រទេសអាស៊ាន និងជាពិសេសប្រទេសកម្ពុជា និងបន្តរហូតដល់បញ្ចប់ កម្មវិធីនៅខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ផ្នែកម្មសិទ្ធិបញ្ញាបន្តទៀត គម្រោង ECAP-4 នឹងត្រូវបានបង្កើតឡើង ហើយបន្តរយៈពេល៥ឆ្នាំ ទៅមុខទៀត ផ្តោតទៅលើការ ម៉ាក និងគំនូរឧស្សាហកម្ម សម្រាប់សកម្មភាពថ្នាក់តំបន់ និងសកម្មភាពថ្នាក់ជាតិ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ជួយដល់ប្រទេសបី គឺកម្ពុជា ឡាវ និងភូមា។
ភាគីទាំងពីរបានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការ លើផ្នែកគំនូរឧស្សាហកម្ម សម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយពង្រឹងកិច្ចការពារ ផ្នែកនេះឲ្យបានរឹងមាំ លើចំណុចសំខាន់ៗ ដូចខាងក្រោម៖
−រៀបចំសិក្ខាសាលា ស្តីពីកិច្ចព្រមព្រៀងទីក្រុងហេច (ឡាអេ) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដោយអញ្ជើញមន្ត្រីក្រសួងពាក់ព័ន្ធ មន្ត្រីស្ថាប័នតុលាការ សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញា និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួម, ជួយបណ្តុះបណ្តាលដល់មន្ត្រី ទទួលបន្ទុកការងារគំនូរ ឧស្សាហកម្ម និងផ្នែកពាក់ព័ន្ធ,− ជួយអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងគំនូរ ឧស្សាហកម្ម,− ជួយបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ឲ្យយល់ដឹងអំពីផលប្រយោជន៍ នៃកិច្ចការពារកម្មសិទ្ធិបញ្ញា,− ផ្តល់ការសិក្សាតាមរយៈ អេឡិចត្រូនិកអំពីកម្មសិទ្ធិបញ្ញា ដល់ SME (E-Learning Platform on IP for SME),ជួយផ្តលជំនួយបច្ចេកទេស ដល់កម្ពុជាក្នុងការចូល ជាសមាជិកកិច្ចព្រមព្រៀង ហេច។
បន្ថែមពីនេះទៀត លោក Ignacio de Medrano Caballero បានគោរពអញ្ជើញលោកទេសរដ្ឋមន្ត្រី ទៅធ្វើទស្សកិច្ចដកស្រង់ បទពិសោធន៍លើកិច្ចការពារគំនូរ ឧស្សាហកម្មរបស់អឺរ៉ុប នៅឯអង្គភាពកម្មសិទ្ធិបញ្ញា សហភាពអឺរ៉ុប (European Union Intellectual Property Office=EUIPO) ដែលមានមូលដ្ឋាន នៅទីក្រុង អាលីកង់តេ (Alicante) ប្រទេសអេស្ប៉ាញ នាពេលខាងមុខ ហើយបានថ្លែងអំណរគុណ ដល់លោកទេសរដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃ សម្រាប់កិច្ចពិភាក្សានេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោក Ignacio de Medrano Caballero និងសហការី ដែលបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិនេះថែមទៀត និងចំពោះការអញ្ជើញ ទៅទស្សនកិច្ចនៅ EUIPO ហើយសន្យានឹងរកពេលវេលាសមស្រប ទៅទស្សនកិច្ចនាពេលខាងមុខ។ កិច្ចប្រជុំបានបញ្ចប់ ប្រកបដោយផ្លែផ្កា និងមិត្តភាពក្រៃលែង៕