(កែប)៖ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ បាននិងកំពុងប្រែក្លាយតំបន់បង្ហូរឈាមក្នុងសម័យខ្មែរក្រហមភ្នំវល្លិ៍ក្នុងស្រុកដំណាក់ចង្អើរ ទៅជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកែប។
ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកទេសចរជាតិ-បរទេស ចូលទៅទស្សនានៅតំបន់ភ្នំវល្លិ៍ រដ្ឋបាលខេត្តកែប បានបើកការដ្ឋានផ្លូវមួយខ្សែប្រភេទ DBST ជាមួយសំណង់សិល្បការ ប្រវែង១,៥០០ម៉ែត្រ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ សរុបជាង២០០នាក់។
នាឱកាសបើកការដ្ឋាន ពេលនោះលោកបណ្ឌិត សោម ពិសិដ្ឋ បានរម្លឹកថា តំបន់ភ្នំវល្លិ៍នេះ ពីមុនជាតំបន់សមរភូមិក្តៅ ហែកហួរដោយសង្គ្រាម បង្កដោយកម្លាំងខ្មែរក្រហម ប៉ុន្តែដោយការលះបង់នៅសាច់ស្រស់ឈាមស្រស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា អនុវត្តគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យតំបន់ភ្នំវល្លិ៍នេះ មានសុខសុវត្ថិភាព សន្តិភាពពេញលេញ សំបូរសប្បាយ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
លោកអភិបាលខេត្តបានបន្តថា «បច្ចុប្បន្នរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធ្វើការកែទម្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះដែរ ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកិច្ចការងារស្នូលយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការអភិវឌ្ឍន៍ខេត្តទេសចរណ៍តំបន់ឆ្នេរ ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សោភណភាពខេត្ត»។
លោកថា «ផ្លូវមួយខ្សែនេះ នៅពេលសាងសង់រួចនឹងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូនដំណាំកសិកម្មផ្សេងៗ ពិសេសនោះគឺជាចំណងហេដ្ឋារចនាសម្ព័ន្ធមួយ ដែលទាក់ទាញភ្ញៀវទេសចរឲ្យធ្វើដំណើរមកលេងកំសាន្ត តំបន់ទេសចរណ៍ខេត្តកែប តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងតំបន់កសិឧស្សហកម្ម ដែលមានសក្តានុពល ក្នុងនោះផ្លូវនេះបានជួយបង្រីកមុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តបន្ថែមផងដែរ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ការដ្ឋានផ្លូវខេត្ត លេខ១៣៣៣ ប្រវែង ១៥០០ម៉ែត្រនេះ មានទទឹង ចាក់កៅស៊ូ ៧ម៉ែត្រ ចិញ្ចើមថ្នល់ជាដីល្បាយថ្ម ប្រវែង១,៥ម៉ែត្រសងខាង រួមទាំងសាងសង់លូតាមបណ្តោយផ្លូវ មុខកាត់ ១ម៉ែត្រ ចំនួន ១ជួរ ប្រវែង ១៦ម៉ែត្រ ចំនួន៤កន្លែង។
កំណាត់ផ្លូវខេត្ត លេខ១៣៣៣ មានប្រវែងសរុប ១១គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ១២+២០០ ខាងកើតវិទ្យាល័យ ហ៊ុន សែន ចំការដូង និងបញ្ចប់ត្រង់ភូមិចំការចេក ខេត្តកែប និងភូមិចំណាក់កន្ទួតខាងត្យូង ស្ថិតក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត៕