(កណ្ដាល)៖ យ៉ាងហោចណាស់មានប្រជាជនឥណ្ឌូនេស៊ីចំនួន ៣ម៉ឺននាក់បាននិងកំពុងរស់នៅក្នុងខេត្តកណ្ដាល ក្នុងចំណោមប្រជាជនឥណ្ឌូនេស៊ីចំនួន១៣ម៉ឺននាក់ដែលកំពុងរស់នៅប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់ពីលោក Santo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

លោកឯកអគ្គរដ្ឋទូត Santo បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលតែងតែបានជួយ ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនឥណ្ឌូនេស៊ីដែលរស់នៅក្នុងខេត្តនេះ។ ជាពិសេស លោកបានថ្លែង អំណរគុណដល់មន្ត្រីអនុវត្តច្បាប់ក្នុងខេត្ត ដែលបានជួយដោះស្រាយករណី ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូនេស៊ី ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

ឯកអគ្គរដ្ឋទូត Santo បានស្វាគមន៍សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ទាល់ផងដែរ។ ឯកអគ្គរដ្ឋទូតបានបង្ហាញពីការត្រៀមខ្លួនរបស់ស្ថានទូត ក្នុងការធ្វើការងាររួមគ្នា ជាមួយខេត្តកណ្តាល ក្នុងការសម្រេចបាននូវគោលដៅរបស់គណៈកម្មការជាន់ខ្ពស់នេះ។

ទន្ទឹមនឹងនោះលោក គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្ត លោកបានលើកឡើងអំពីសក្តានុពល របស់ខេត្តកណ្តាល ដែលជាមណ្ឌលសេដ្ឋកិច្ចមួយ ដែលលោកបានសម្តែងក្តីសង្ឃឹមថា និងមានអ្នកធុរកិច្ច ឥណ្ឌូនេស៊ីកាន់តែច្រើនចាប់អារម្មណ៍ក្នុងការបណ្តាក់ទុននៅខេត្តកណ្តាល លើវិស័យឧស្សាហកម្មអាហារ ហាឡាល់ ដោយផ្អែកលើការពិចារណាចំពោះ ចំនួនជនជាតិឥស្លាម ដែលមានទំហំគួរឱ្យកត់សម្គាល់ នៅក្នុងខេត្តកណ្តាលនេះ។

ឯកអគ្គរដ្ឋទូត Santo បានស្វាគមន៍ចំពោះការលើកឡើងបស់លោកអភិបាលខេត្ត និងឆ្លៀតឱកាស អញ្ជើញអ្នកធុរកិច្ចក្នុងខេត្តកណ្តាល តាមរយៈលោកអភិបាលខេត្ត ដើម្បីចូលរួមក្នុងពិព័រណ៍ ក្រោមប្រធានបទ «សួស្តី! ឥណ្ឌូនេស៊ី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះជាពិព័រណ៍ ដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់បានទាក់ទាញអ្នកទស្សនា ក្នុងស្រុករហូតដល់ ៤ ពាន់នាក់កាលពីឆ្នាំ២០២៤ កន្លងទៅ។

ជាចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការកសាងភាពជាដៃគូ ឱ្យកាន់តែរឹងមាំក្នុង វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងសេវាកម្មដល់ប្រជាពលរដ្ឋ។ តាមរយៈការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យផ្សេងៗទាំងនេះផងដែរ ភាគីទាំងពីរសង្ឃឹមថានឹងទទួលបាន ក៏ដូចជាផ្តល់នូវផងប្រយោជន៍យ៉ាងច្រើនទៅវិញទៅមកដល់ប្រទេស និងដល់ប្រជាជននៃប្រទេសទាំងពីរ៕