(ពោធិ៍សាត់)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ មកពី៥ភូមិ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកដើមទុននិងបច្ចេកទេស និងជាពិសេសការតភ្ជាប់ទៅកាន់ទីផ្សារ ដែលមានការធានាថ្លៃទុកជាមុនច្បាស់លាស់។

លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។

ជាមតិផ្តាំផ្ញើ លោក ឌិត ទីណា បានណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជស្រូវដែលសមស្របនឹងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់នេះ ព្រមទាំងប្រមូលផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ១០០០ហិកតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន៕