(បាត់ដំបង)៖ លោក ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពទំនប់ «ប្រព័ន្ធធារាសាស្ត្រកង្ហត» នៅស្រុកបាណន់​ ខេត្តបាត់ដំបង។

ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយនេះ អាចមានសមត្ថភាពផ្គត់ផ្គង់ទឹកគ្រប់ដណ្តប់លើផ្ទៃដីបង្កបង្កើនផលរាប់មុឺនហិកតា និងអាចធ្វើស្រែបានមួយឆ្នាំ២-៣ដង យ៉ាងទៀតទាត់។

ប្រព័ន្ធធារាសាស្ត្រកង្ហត ជាប្រព័ន្ធធារាសាស្ត្រមួយអាចមានប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ស្រូវប្រាំង និងដំណាំរួមផ្សំមួយចំនួន ជូនប្រពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។

ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ។ ប្រព័ន្ធធារាសាស្រ្តកង្ហត ទទួលបានប្រភពទឹកពីស្ទឹងសង្កែ និងពីផ្ទៃរងទឹកភ្លៀងពីផ្នែកខាងលើ តាមរយៈសំណង់កាត់ស្ទឹង បញ្ចាល់ទឹកតាមប្រឡាយមេបេតុង ប្រឡាយមេ និងប្រឡាយរងសម្រាប់ស្រោចស្រព៕