(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធពិធីប្រកាសការប្រឡងប្រណាំង «ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី១» និងការប្រឡងប្រណាំង «ទីក្រុងស្អាតថ្នាក់ជាតិលើកទី២ (២០១៨-២០២១)» នាសណ្ឋារគារភ្នំពេញ។
ពិធីប្រកាសខាងលើនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងអភិបាលរាជធានី-ខេត្ត ដែលជាក្រុង-ខណ្ឌបេក្ខភាព ក្នុងចលនាប្រឡងប្រណំាង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងចលនាប្រឡងប្រណាំង ទីក្រុងស្អាតថ្នាក់ជាតិលើកទី២, ប្រតិបត្តិករទេសចរណ៍, យុវជន និងនិស្សិតសរុបចំនួន ៧០០នាក់។
ដោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានដាក់បេក្ខភាពរាជធានី-ខេត្ត ចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ចូលរួមប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលគ្រោងនឹងចែកជយលាភី ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នៅប្រទេសថៃ នាខែមករា ឆ្នាំ២០១៨ ខាងមុខ។
តាមរយៈចលនាប្រឡងប្រណាំងទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ដែលបានប្រកាសផ្សព្វផ្សាយនាពេលនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីភាពស្អាត និងបៃតងនៃកម្ពុជា ដល់ពិភពលោកឱ្យបានដឹងពីសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ល្អ ពិសេសការអភិវឌ្ឍ នៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនៅក្នុងតំបន់ និងក្នុងពិភពលោក សក្ដិសមនឹងការប្រសិទ្ធនាម «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្ដៅ»៕