(ភ្នំពេញ)៖ ខណៈឪពុកលោកចៅសង្កាត់ ហួរ ហួត បានចុះពិនិត្យមើលស្ថានភាពជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី លោក ហួរ ហួត បានប្រកាសថា លោកមិនបានគេចវេចចំពោះការទទួលខុសត្រូវណាមួយឡើយ ដោយលោកបានលើកឡើងថា លោកនឹងចូលបំភ្លឺគ្រប់នីតិវិធីរបស់តុលាការ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ លោក ហួរ ហួត បានលើកឡើងថា ចាប់ពីថ្ងៃកើតហេតុរហូតដល់ពេលនេះ លោកមិនបានទុកជនរងគ្រោះចោលនោះទេ សមាជិកគ្រួសាររបស់លោក ជាពិសេសឪពុកបង្កើតរបស់លោកចៅសង្កាត់ បានពាំនាំនឹងចូលរួមទទួលខុសត្រូវលើការចំណាយថ្លៃព្យាបាល និងការហូបចុករបស់ជនរងគ្រោះ និងសាច់ញាតិរបស់ជនរងគ្រោះនោះឡើយ។ (ដូចមានលិខិតនៅខាងក្រោម)

លោក ហួរ​ ហួត បានបង្ហាញសារនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖

«ខ្ញុំបាទឈ្មោះ ហួរ ហួត សូមប្រកាសជូនបងប្អូន និងសាធារណជនថា៖​ ខ្ញំមិនបានគេចវេសចំពោះការទទួលខុសត្រូវណាមួយឡើយ ចំពោះករណីឧប្បទេ្ទវហេតុដែលបានកើតឡើងកាលពីវេលា ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដែលខ្ញុំបានជ្រុលដៃវាយដោយអចេតនា នៅក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំនឹងចូលបំភ្លឺគ្រប់នីតិវិធីរបស់តុលាការ។

ខ្ញុំមិនដែលបោះបង់ចោល ឬទុកជនរងគ្រោះ (ឈ្មោះ មាស ដីដុំ) ចោលនោះទេ ខ្ញុំបានចាត់ចែងរួចហើយឲ្យសមាជិកគ្រួសាររបស់ខ្ញុំ ពាំនាំនឹងចូលរួមទទួល ខុសត្រូវលើការ ចំណាយថ្លៃព្យាបាល និងការហូបចុករបស់ជនរងគ្រោះ និងសាច់ញាតិរបស់គាត់ (ដូចក្នុងលិខិតខាងក្រោម)។ ជាក់ស្តែងក្រុមគ្រួសារខ្ញុំបាន ឧបត្ថម្ភជាថវិកាដើម្បីព្យាបាល និងនៅជាប់ជានិច្ចមើលថែតាមដានអាការជំងឺរបស់ជនរងគ្រោះ ដោយយកចិត្តទុកដាក់ជាទីបំផុត។ (រូបខាងក្រោមជា ឪពុករបស់ខ្ញុំទៅមើលជនរងគ្រោះ)។

អនុញ្ញាតឲ្យខ្ញុំ នៅបន្តសម្តែងការសុំទោសយ៉ាងខ្លាំងជាទីបំផុត ចំពោះឧប្បទេ្ទវហេតុដែលបានកើតឡើង ដោយហេតុថានៅពេលនោះ ខ្ញុំមិនមានចេតនាណាមួយ ក្នុងការបង្កហេតុទេ។ ពិតណាស់ថា តាមគោលការណ៍ច្បាប់ឯកត្តកម្មនៃបទល្មើស គឺបុគ្គលជាអ្នកប្រព្រឹត្តជាអ្នកទទួលខុសត្រូវ ទៅតាមទំហំ និងកម្រិតដែលមានកំណត់ក្នុងច្បាប់។ សម្រាប់ខ្ញុំ ខ្ញុំគិតថា បទល្មើសនេះជាបទល្មើសមជ្ឈឹម។ ខ្ញុំសង្ឃឹមថា បងប្អូននឹងមិនធ្វើការបកស្រាយនូវសាររបស់ខ្ញុំ ធ្វើឲ្យជះឥទ្ធិពលទៅលើមជ្ឈដ្ឋានណាមួយឡើយ»។

សូមជំរាបថា យោងតាមរបាយការណ៍លោកគ្រូពេទ្យ សុខ សារិន នៅមន្ទីរពេទ្យបង្អែកមានជ័យ ដែលបានពិនិត្យស្ថានភាពជំងឺផ្ទាល់ សន្ដិសុខបុរី «សម្បតិ្ត មានហេង» ដែលត្រូវចៅសង្កាត់ព្រែប្រា លោក ហួរ ហូត ជ្រុលវាយមួយដៃបណ្ដាលឲ្យដួលនោះ គឺជនរងគ្រោះរូបនេះមានជំងឺចាស់ ហើយខ្សោយប្រព័ន្ធប្រសាទ។

យោងតាមរបាយការណ៍ របស់មន្ទីរពេទ្យបង្អែកមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយការពិនិត្យជំងឺ មុនបញ្ជូនដោយគ្រួពេទ្យប្រចាំការ គឺមិនបានរកឃើញ មានដាច់ហូរឈាម បាក់ឆ្អឹង ជាំហើម លើករាងកាយទេ ដូច្នេះការវាយតម្លៃដំបូង អាចជាជំងឺចាស់ ហើយខ្សោយប្រព័ន្ធប្រសាទ, ជាជំងឺខ្សោយ ជួបភាពភ័យស្លុត, ជាជំងឺតេតាណូស របួសសាច់ដុំ និងជាជំងឺខ្វះជាតិស្ករ និងកាល់ស្យូមក្នុងឈាម»