(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមប្រធានបទ៖ «ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត  (Ministers' Summit: Enhancing Investment, Ensuring Peace: Harnessing Growth, Shaping the Future)» ដែលមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍មកពី ២៤ប្រទេស និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសផ្សេងៗទៀត សរុបប្រមាណ៥០ប្រទេស។

សូមជម្រាបថា កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) គឺមានគោលបំណងក្នុងការប្រមូលផ្តុំរដ្ឋមន្ត្រីទេសចរណ៍ និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនៃវិស័យទេសចរណ៍សកលលោកសំខាន់ៗ ស្របតាមនិន្នាការណ៍ទេសចរណ៍ និងសភាពការណ៍ពិភពលោក ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជា ការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងតួនាទីរបស់វិស័យទេសចរណ៍ទេសចរណ៍ក្នុងការលើកកម្ពស់ការកសាងសន្តិភាពសកល និងការដោះស្រាយជម្លោះ។

លើសពីនេះ ដើម្បីរក្សាការវិនិយោគទេសចរណ៍អំឡុងពេល នៃបញ្ហាភូមិសាស្ត្រនយោបាយ និងអស្ថិរភាពសេដ្ឋកិច្ច ពិសេសជំរុញគោលបំណងនៃទិវាទេសចរណ៍ពិភពលោក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាកាន់តែច្រើនតាមរយៈទេសចរណ៍៕