(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
នៅក្នុងសារសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរជាមួយមនោសញ្ចេតនាសោមនស្សរីករាយជូនចំពោះសម្តេច សូមមានកម្លាំងមាំមួន បញ្ញា ញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ»។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះសម្តេច ដែលបានចូលរួមចំណែកលើកកម្ពស់ សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជា។ សម្តេចបានរួមដំណើរគាំពារ និងជាកម្លាំងចលករមួយយ៉ាង សំខាន់ក្នុងការ ជំរុញលើកទឹកចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រំដោះជាតិមាតុភូមិ និងប្រជាជនពី របបប្រល័យពូជសាសន៍ ដណ្តើមបានមកវិញនូវការរស់រានមានជីវិត សេរីភាព ការស្តារនិងកសាងជាតិឡើងវិញ សុខសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស។ សម្តេចតែងលះបង់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងធំធេងបំផុតបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ដោយសទ្ធាជ្រះថ្លា បរិសុទ្ធដើម្បីកសាងអភិវឌ្ឍសង្គមជាតិបានរីកចម្រើនរហូតមក។
ខ្ញុំ និងភរិយា សូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតន ត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យគ្រប់ប្រការជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕