(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

នៅក្នុងសារសារលិខិតអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ខ្ញុំ និភរិយា សូមចូលរួមអបអរសាទរពោរពេញទៅដោយមនោសញ្ចេតនាសោមនស្សរីករាយដ៏កក់ក្តៅ និងជូនពរលោកជំទាវ បណ្ឌិត សូមមានកម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ»។

នាទិវានេះខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូបប្រកបដោយគតិបណ្ឌិតប្រតិបត្តិ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយនឹងឆន្ទៈមោះមុត និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំក្នុងនាមជាអគ្គស្នងការ និងអនុប្រធាននៃសមាគមទាំងពីរ ដើម្បីបម្រើដល់សុខុមាលភាពប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិ ព្រមទាំងជាមគ្គុទ្ទេសក៍​លើកកម្ពស់សមត្ថភាព និងសេចក្តីថ្លៃថ្នូរនារីកម្ពុជា។

ម្យ៉ាងទៀតក្នុងនាមជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត តែងតែខិតខំប្រឹងប្រែងគាំទ្រ និងរួមគិត រួមអនុវត្ត ដើម្បីការអភិវឌ្ឍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែ រីកចម្រើនខ្លាំងក្លាថែមទៀត។

នៅក្នុងឱកាសនេះខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុ ការពរជ័យគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕