(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានទូលថ្វាយសារលិខិតថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសខួបទី១១៤​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

នៅក្នុងសារលិខិតថ្វាយព្រះពរមានខ្លឹមសារដូចនេះថា​ «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះកាយពល រឹងមាំ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា»

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ចងចាំជានិច្ចនូវព្រះរាជគុណូបការៈនិងព្រះរាជស្នា ព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រខ្មែរ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ និងព្រះរាជបេសកកម្មដ៏មហាថ្លៃថ្លាក្នុងការដង្ហែ ព្រះករុណា ព្រះបរមរតនកោដ្ឋ បំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងព្រះរាជបេសកកម្ម​ដើម្បីជាតិប្រជារាស្ត្រខ្មែរ នាំមក នូវសន្តិភាព ស្ថិរភាព វិបុលភាព ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងបំពេញព្រះរាជកិច្ចមិនខ្លាចហត់នឿយព្រះកាយពល ដើម្បីលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរឱ្យឈានឡើងជានិច្ច។

ទូលព្រះបង្គំជាខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ឫទ្ធិបារមី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រនិងគុណបុណ្យ​បារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូម យាងមកអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យ សិរីសួស្តីជ័យមង្គលគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមទ្រង់ប្រកបដោយ​ព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជា ម្លប់ដ៏សែនត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គជ្រកកោនជាភិយ្យោភាពតរៀងទៅ។

សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕