(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
នាឱកាសនោះលោករដ្ឋមន្រ្តី បានជម្រាបជូនលោក Jojo Flores និងសហការី អំពីសមិទ្ធផលនាពេលកន្លងមករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ក៏ដូចជាការចូលរួមចំណែករបស់ក្រសួងក្នុងការលើកកម្ពស់និងជំរុញធុរៈកិច្ចថ្មីឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប លោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC បានថ្លែងកោតសរសើរពីសមិទ្ធផលនានារបស់ក្រសួង ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនិងការជួយជ្រោមជ្រែងធុរៈកិច្ចថ្មី ដែលនឹងក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
មុននឹងបញ្ចប់លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក Jojo Flores បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុន Plug and Play LLC មានមូលដ្ឋាននៅតំបន់ Silicon Valley នៃសហរដ្ឋអាម៉េរិក និងជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មីនិងនវានុវត្តន៍សកល។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនជាង ៥៥០ ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនិងស្ថាប័នសាធារណៈជាង ៥០ ស្ថាប័ន នៅលើពិភពលោក។ ក្រុមហ៊ុន Plug and Play មានធុរកិច្ចថ្មីប្រមាណ ៨០ ០០០ ក្នុងបណ្តាញរបស់ខ្លួន ព្រមទាំងបានវិនិយោគលើធុរកិច្ចថ្មីចំនួន ១ ៦០០ និងបន្តវិនិយោគលើធុរកិច្ចថ្មីចំនួន ២៥០ បន្ថែមជារៀងរាល់ឆ្នាំ៕