(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ​លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក ខូវ ឆាយ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប​ អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក​ និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦នាក់ (កីឡាករ ១១៩១​នាក់ និងកីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។

លោក​ប្រធានសហព័ន្ធ បានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ​ ២២ កម្មវិធី ក្នុង​មួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង​ និង ភូមិភាគសៀមរាប​ ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ប្រចាំសប្តាហ៍ផងដែរ។​​ ​ក្រៅពីនេះ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានផ្ដោតការយកចិត្តទុកដាក់​លើការផ្សព្វផ្សាយ​​អំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាង ការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាដើម។

នាឱកាសនោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបវរធិបតី បញ្ជាក់ដែរថា បច្ចុប្បន្ននេះកីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។

នាឱកាសនេះដែរ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ​ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល​ ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី​ ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស​ ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។​
សម្តេចបវរធិបតី​ ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធ បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិផងដែរ៕