(សៀមរាប)៖ លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានណែនាំ​ឲ្យ​ក្រុម​ការងារ ​ខិតខំ​បំពេញ​ភារកិច្ច​ និង​ចូលរួមសហការ​ឲ្យ​បាន​ជិត​ស្និទ្ធ ​ជាមួយ​គ្រប់​ភាគីពាក់ព័ន្ធ ជាពិសេស ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ​នៅក្នុង​តំបន់ភ្នំគូលែន​ សំដៅធានា​រក្សា​ឲ្យ​បាន​នូវតុល្យភាពនៃ​ប្រព័ន្ធ​អេកូឡូស៊ី​​ និង​មុខងារ​រួម​ទាំង​សេវាកម្ម​​សំខាន់​ៗ​នៃតំបន់​ភ្នំ​គូលែន ​ក្នុង​លក្ខណៈ​ជា​​​របៀង​ជីវៈចម្រុះ​​​ផ្នែក​ខាង​ជើង​បឹង​ទន្លេសាប​។

ការលើកឡើងរបស់ លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានធ្វើឡើងខណៈលោក បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុមការងារ ​រៀបចំ​កម្មវិធី​គ្រប់​គ្រង​ឧទ្យានជាតិ​ ព្រះជ័យវរ្ម័ន​- នរោត្តម​​ «ភ្នំ​គូលែន» នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៦​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានបញ្ជាក់ឲ្យដឹងថា ​កិច្ច​ប្រជុំនេះ ធ្វើឡើងដើម្បី​ផ្តល់​នូវ​ទស្សន​វិស័យ​ និងគោលការណ៍ណែនាំ​ សម្រាប់​ការ​រៀបចំ​ផែនការ​គ្រប់​គ្រង​លំអិត​ ​ឆ្លើយ​តប​ទៅនឹង​តម្រូវការចំពោះមុខ​ក្នុង​ការរក្សា​​​ការពារ​​ធនធានធម្មជាតិ​ អភិរក្ស​​បេតិកភណ្ឌវប្បធម៌​ និង​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ ស្របតាម​គោល​ដៅ​​អភិវឌ្ឍន៍​ទេសចរណ៍​ប្រវត្តិសាស្រ្ដ​ វប្បធម៌​ និង​ធម្មជាតិ​៕