(ស្វាយរៀង)៖ កសិករចិញ្ចឹមកង្កែបនៅឃុំដូនស ស្រុកស្វាយជ្រំ បានជំរុញឲ្យប្រជាកសិករផ្សេងៗទៀតដែលមានមុខរបរកសិកម្ម រួមគ្នាបង្កើតមុខរបរចិញ្ចឹមកង្កែបន្ថែ​មលក្ខណៈគ្រួសា ឲ្យបានច្រើន ដោយសារកង្កែប​ងាយស្រួលចិញ្ចឹម ហើយមានទីផ្សារ។

ពួកគាត់យល់ឃើញថា បើបានបង្កើតជាសហគមន៍ចិញ្ចឹមកង្កែបទៀត នោះនឹងមានកង្កែបច្រើនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលជាការចូលរួមអនុវត្តគោលនយោបាយភូមិមួយផលិតផលមួយ ហើយបង្កើតជាសហគមន៍​នាំកង្កែបលក់ក្នុងស្រុក និងនាំចេញទៅក្រៅស្រុកកាន់តែប្រសើរទៀតផង។

លើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ អ្នកស្រី ជួយ មុំ អ្នកចិញ្ចឹមកង្កែបម្នាក់នៅភូមិអូរសាង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ បានឲ្យដឹងថា ប្រជាកសិករអ្នកប្រកបមុខរបរ​ចិញ្ចឹមកង្កែប សប្បាយរីករាយដោយកង្កែបមានទីផ្សារ និងមានតម្លៃថ្លៃគួរសម ជាពិសេសកង្កែបងាយស្រួលចិញ្ចឹម គ្មានជម្ងឺ ហើយអាចចិញ្ចឹមយកសាច់ និងភ្ញាស់កូនលក់ក៏បាន បើគិតជាមធ្យមការចិញ្ចឹមកង្កែប​អាចរកប្រាក់ចំណូលក្នុង ១ខែ ចាប់ពី១លានរៀល ទៅ២លានរៀល។

អ្នកស្រីបានបន្តថា ការចិញ្ចឹមកង្កែបរបស់គាត់គឺទទួលបានជោគជ័យ ដោយកង្កែបមានទីផ្សារ មានម៉ូយមកទទួលទិញ ដល់ផ្ទះ កង្កែបសាច់ បើលក់មិនដាច់ក៏អាចលក់បាន១០គីឡូដែរ ក្នុង១ថ្ងៃ បើគិតជាមធ្យម​ អាចលក់បានពី ១០គីឡូទៅ៣០គីឡូក្នុង១ថ្ងៃ ហើយក្នុង១គីឡូលក់បាន ១ម៉ឺនរៀល ក៏ប៉ុន្តែបើសម្បូក៏លក់បាន១គីឡូ ៥ពាន់រៀល ទៅ៦ពាន់រៀលដែរ។

អ្នកស្រីបន្តទៀតថា នៅរដូវប្រាំងនេះមុខរបរចិញ្ចឹមកង្កែប បានតែលក់សាច់ទេ មិនទាន់បានលក់កូនទេ ដោយវត្តនៃកង្កែប ក្នុង១ឆ្នាំ អាចភ្ញាស់កូនបានតែ២ឫ៣ដងប៉ុណ្ណោះ ហើយបើនៅរដូវ​ដើមឆ្នាំ​មានភ្លៀងធ្លាក់ទើបយើងរៀបចំភ្ញាស់ពងកូនកង្កែបបាន ដូច្នេះនៅរដូវវស្សាមានធ្លាក់ភ្លៀងទើបមានកូនកង្កែបលក់។

ប្រភពបន្តថា ជាទូទៅពេលកង្កែបសាច់សំម្បូរធ្លាក់ថ្លៃ គាត់មិនលក់ទេ គឺត្រូវស្តុកកង្កែបទុក ត្រូវចំណាយលើចំណីច្រើនបន្តិច ទុកដល់រដូវប្រាំងទើបលក់ជាពិសេសកង្កែបរដូវប្រាំង មានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែនៅចាញ់រស់ជាតិកង្កែបក្រាំងបន្តិចដោយកង្កែបក្រាំង មានខ្លាញ់ច្រើន នៅពេលណាកង្កែបវាក្រាំង វាមិនស៊ីចំណីទេ កង្កែបក្រាំងពេលចាប់១ក្បាល ទម្ងន់ចាប់ពី ៣ខាំ ទៅ ៣ខាំកន្លះ អ្នកខ្លះគេទិញយកទៅស្រុះទាំងស្បែក ហើយអាំងឲ្យក្រៀម រួចស្ងោ ជ្រក់ ពិតជាមានរស់ជាតិឆ្ងាញ់ណាស់។

អ្នកស្រីបន្តទៀតថា កាលពីដើមគាត់ចិញ្ចឹមតិចទេ ក្រោយមកការចិញ្ចឹមមានបទពិសោធន៍ ទទួលបានជោគជ័យ ក៏ចាប់ផ្តើមអភិវឌ្ឍន៍ មុខរបរចិញ្ចឹមចាប់ពី១០តង់ រហូតមក៣០តង់
ដោយមានអាង ចិញ្ចឹមកង្កែបយកសាច់ មានអាងចិញ្ចឹមភ្ញាស់យកកូន និងមានចិញ្ចឹមក្នុងពាងទឹក និងមានកន្លែងចិញ្ចឹមកង្កែបឲ្យឡើងក្រាំង ។ 

អ្នកស្រីថា បើប្រជាជនងាកមកចិញ្ចឹមកង្កែបកាន់តែច្រើន អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារបាននោះធ្វើឲ្យសេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋាន រឹតតែល្អប្រសើរឡើង ប្រជាកសិករពិតជាមានជីវភាពធូធា ៕