(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានការអញ្ជើញចូលរួមពីលោកលោកស្រី អ្នកឧកញ៉ា ភ្ញៀវកិត្តិយស ជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងអង្គប្រជុំ លោករដ្ឋមន្រ្តី បានរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល ក៏ដូចជារាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិ សមធម៌ និងភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងក្របខណ្ឌអន្តរជាតិ ដែលក្នុងនោះ ស្ត្រី គឺជាស្នូល និងបានដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ និងនៅក្នុងក្របខណ្ឌអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់នូវអនុសាសន៍សំខាន់ៗ និងបានរំលឹកនូវប្រវត្តិនៃកិច្ចខិតខំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិ សមធម៌ និងភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសការចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធការអនុម័តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង នៅឆ្នាំ១៩៩៥។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងបានជូនកម្រងផ្កាជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំដែលជាស្រ្តីទាំងអស់ ប្រកបដោយភាពសប្បាយរីករាយ និងសុខដុមនីយកម្ម៕