(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បាននិងកំពុងចុះ ប្រតិបត្តិការស្វែងរករថយន្តកែច្នៃ ក៏ដូចជាតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមដងផ្លូវជាតិលេខ៦អា។ ប្រតិបត្តិការបានរកឃើញរថ តទ្រុង និងកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង ព្រមទាំងបានចាប់ឃាត់ និងកាត់ទ្រុងចេញភ្លាមៗផងដែរ។
ក្នុងចំណោមរថយន្តដែលក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរកឃើញនាព្រឹកនេះ មានរថយន្តរបស់លោកឧត្តមសេនីយ៍រកស៊ីដឹកជញ្ជូនមួយគ្រឿងផងដែរ។ រថយន្តរបស់លោកឧត្តមសេនីយ៍នោះ មាននិមិត្តសញ្ញាអក្សរ «M» ពាក់ស្លាកលេខស្វាយរៀង 3A-1174។
យោងតាមមន្រ្តីក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ បានឲ្យដឹងថា រថយន្តរបស់លោកឧត្តមសេនីយ៍ បានតទ្រុងលើសច្បាប់កំណត់ជាង ២ម៉ែត្រ រួមមានការដឹកទំនិញសំពីងសំពោងខុសច្បាប់ផងដែរ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទុកពេលឲ្យម្ចាស់រថយន្ត ដែលតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេសអស់ជាច្រើនខែមកហើយឲ្យពួកគេកាត់ទម្លាក់ទ្រុងរថយន្ត ដែលតខុសបច្ចេកទេស។
តែទោះបីជាយ៉ាងណាតាមរយៈប្រតិបត្តិការនាព្រឹកថ្ងៃទី២៧ ខែតុលា នេះ គេនៅរកឃើញរថយន្តជាច្រើនបន្តបំពានច្បាប់ ហើយខ្លះទៀត ក៏កំពុងកែតម្រូវការតទ្រុងរបស់ពួកគេផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធានាការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ធ្លាប់បានប្រកាសថា វិធានការលើរថយន្តតទ្រុង និងកែច្នៃខុសបច្ចេកទេសមិនមានការដកថយ ហើយក៏អត់មានលើកលែងចំពោះជនមានអំណាចនោះឡើយ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងដើម្បីចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ៕