(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ(១៩១០-២០២៥) ក្រោមប្រធានបទ «សិទ្ធ សមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។
កម្មវិធីនេះ បានរៀបចំឡើងក្រោមអធិបតី ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភរិយា រួមទាំងការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការជានារីក្រោមឱវាទក្រសួងសរុប ៩៨១នាក់ផងដែរ។
តាមរបាយការណ៍បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានមន្ត្រីរាជការជាស្ត្រី ៦១០នាក់ ស្មើនឹង ២៣% ក្នុងចំណោមមន្ត្រី សរុប ២៥៩៣នាក់។
ក្រសួងកិច្ចការនារី បានដាក់ចេញនូវប្រធានបទនៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្នុងខួបលើកទី១១៤នេះគឺ សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប ដោយហេតុថាឆ្នាំ២០២៥នេះ អង្គការសហប្រជាជាតិនឹងប្រារព្ធទិវាអន្តរជាតិនារីដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានដាក់ចេញដោយតំណាងរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេសចំនួន ១៨៤ ប្រទេសនូវវិធានការ គោលនយោបាយ ផែនការសកម្មភាពនៅក្នុងវិស័យសំខាន់ៗដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្ដីពី «ស៊ី-ដ» ដែលមានដូចជា ស្ត្រីនិងភាពក្រីក្រ, ស្ត្រីនិងការអប់រំបណ្ដុះបណ្ដាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, ស្ត្រីនិងជម្លោះប្រដាប់អាវុធ, ស្ត្រីនិងសេដ្ឋកិច្ច, ស្ត្រីនិងការធ្វើសេចក្តីសម្រេចនិងសិទ្ធិអំណាច, យន្តការស្ថាប័នសម្រាប់លើកកម្ពស់ស្ត្រី, សិទ្ធិមនុស្សរបស់ស្ត្រី, ស្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ, ស្ត្រីនិងបរិស្ថាន, និងក្មេងស្រី។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ស្មារតី ៧មករាបានគាស់រំលើងឡើងវិញ នូវមនោសញ្ចេតនា សេចក្តីថ្លៃថ្នូរ កិត្តិយសនិងសិទ្ធិសេរីភាពរបស់មនុស្ស។
លោក បានបញ្ជាក់ថាមកទល់ពេលនេះកម្ពុជាបានដើរលើផ្លូវថ្មីមួយទៀត រាជរដ្ឋាភិបាលបានបន្តផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ស្ត្រីមានសិទ្ធិស្មើភាពជាមួយបុរស និងមានសមត្ថភាពខ្ពស់ហើយត្រូវបានលើកកម្ពស់និងចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយឯកឧត្តមបានជំរុញដល់ស្ត្រីទាំងអស់ ត្រូវមានភាពក្លាហានបង្កើនសមត្ថភាពចូលរួមអនុវត្តការងាររបស់ក្រសួង ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម តាមរយៈគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីប្រែក្លាយកម្ពុជាឱ្យទទួលបានអនាគតមួយដ៏ល្អប្រសើរសម្រាប់ជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗទៀត៕