(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការឱ្យបើកកិច្ចប្រជុំផ្ទៃក្នុង និងពិគ្រោះយោបល់ផ្ដល់គំនិតយុទ្ធសាស្ត្រ យុទ្ធវិធីបន្ថែមទៀត ដើម្បីអនុវត្តលើកិច្ចការវិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះក៏ជារឿងសំខាន់មួយដែលយើងត្រូវធ្វើផងដែរ ដោយផ្អែកលើការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ក្នុងនោះមានការកសាងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន លើកទឹកចិត្តដល់មន្ត្រី ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រុញឱ្យសមាជិកអង្គប្រជុំត្រូវរួមគ្នាគិតគូរអំពីវិស័យសំណង់ និងរៀបចំដែនដីផងដែរ។

បន្ថែមពីនេះ លោក បានបញ្ជាក់ថា ជោគជ័យរបស់ក្រសួងលើការកសាងលិខិតបទដ្ឋានគតិយុត្តនោះ គឺត្រូវមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិឬខេត្ត ដោយបង្រៀនអ្នកចូលរួមឱ្យចេះច្បាប់នោះ ទើបការអនុវត្តច្បាប់ទទួលបានជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍គ្រឹះក្នុងការដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបន្តនិរន្តរភាពការងារ និងធានាដំណើរការរបស់ស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍មន្រ្តីឱ្យបាននឹងនរ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្តថាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ អាចជោគជ័យបាន លុះត្រាតែរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតចំណេះដឹងស្មើគ្នា នោះទើបអាចមានការយល់ដឹង និងរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ទាប់ពីកិច្ចប្រជុំ, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នឹងបញ្ជូនលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ ទៅកាន់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមអ្នកសាងសង់និងដៃគូផ្សេងៗទៀតផ្ដល់មតិយោបល់បន្ថែដើម្បីឱ្យលិខិតបទដ្ឋានទាំងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ រួចនឹងបញ្ជូនបន្តទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត៕