(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិស្សនិស្សិតគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ទៅក្នុងក្របខ័ណ្ឌគោលនយោបាយអប់រំ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ កំណែទម្រង់វិស័យអប់រំ រួមទាំងកម្មវិធីកំណែទម្រង់នានា។

លោកណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក ព្រមទាំងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា និងគរុសិស្ស-និស្សិត។

លោកណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បង្កើនការវិភាជថវិកាដែលឆ្លើយតបនឹងយេនឌ័រលើគោលដៅ គឺ (១) ធានាសម្រេចឱ្យបានសមភាពយេនឌ័រក្នុងការចូលរៀន និងរៀនប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់សេវាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ (២) ធានាបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្តល់សេវាអប់រំ និង (៣) ធានាកសាងបរិស្ថានអប់រំ និងបណ្តុះឥរិយាបថ​វិជ្ជមានរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងយេនឌ័រ។

ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាទិភាពក្នុងការទទួលបាន និងអនុវត្តសិទ្ធិដោយសមភាព មានសមត្ថភាព និងបង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យអប់រំ និងនិស្សិត សិស្សស្រី ដូចជា៖ ១) បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យអប់រំ នៅគ្រប់កម្រិត ២) បន្តគាំទ្រ និងលើកកម្ពស់តួនាទី និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងវិស័យអប់រំ តាមរយៈការអនុវត្តវិធានការគាំទ្រ និងការអភិវឌ្ឍសមត្ថភាព ៣) បង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM) និងការសិក្សាកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។

នាឱកាសនោះបន្ទាប់ពីស្តាប់របាយការណ៍ស្តីពីសមិទ្ធផលការងារនារីក្នុងវិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ និងសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ដែលបានរួមចំណែកគាំទ្រលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី ដើម្បីធ្វើឱ្យមានសមភាព និងភាពអង់អាចសម្រាប់ស្រ្តី និងក្មេងស្រីគ្រប់រូប ក្នុងវិស័យអប់រំនៅកម្ពុជាក៏ដូចជានៅលើឆាកអន្តរជាតិ។

តាមរយៈរបាយការណ៍សមិទ្ធផលការងារនារីក្នុងវិស័យអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ឱ្យឃើញថា ក្រសួងបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ សម្រេចបានសមិទ្ធ​ផលធំៗ​គួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងសមភាពយេនឌ័រ និងការកសាងបរិស្ថាន អប់រំ គួរជាទីមោទនៈ រួមមាន៖ ការកាត់បន្ថយគម្លាតសមភាពយេនឌ័រក្នុងការទទួលបានសេវាអប់រំ, ការបង្កើនការចូលរួម​របស់បុគ្គលិកអប់រំជានារីក្នុងការផ្តល់សេវាអប់រំ, និងការបណ្តុះឥរិយាបថវិជ្ជមានរបស់សង្គមឆ្លើយតបទៅនឹងយេនឌ័រក្នុងវិស័យអប់រំ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញលេញបរិបូណ៌ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យជាពិសេស​វិស័យអប់រំ​បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាយ៉ាងសកម្ម សំដៅអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ការបន្តផ្តល់អាទិភាព​លើការ​លើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយទទួលស្គាល់ថា សមភាពយេនឌ័រនិងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជារបៀបវារៈអន្តរវិស័យ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា៕