(ពោធិ៍សាត់)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល​ជាមួយសហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រយឹង ចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា និងអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាព» រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យ​ដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យប្រជាកសិករទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រ ទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូន​ក្នុងសហគមន៍​ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕