(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត លើកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូ កីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី៨ ខែមីនាខាងមុខនេះ ដោយត្រូវការពារចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់សណ្ឋាគារ និងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការណែនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។

កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ លើសពីនេះ ត្រូវបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃ និងក្រុមជ្រុលនិយមរបស់កម្ពុជា ត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឲ្ហបាន ហើយត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឲ្យយល់ពីខ្លឹមសារ នៃការប្រកួតនេះជៀសវាងកុំឲ្យមានបញ្ហា។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្តថា ការប្រកួតនេះគឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ហើយក៏ជាការប្រកួតដើម្បីពង្រឹតមិត្តភាពទំនាក់ទំនង នៃប្រទេសទាំង២ កម្ពុជា និងថៃឲ្ហកាន់តែរឹងមាំ ដូច្នេះត្រូវតែធ្វើការងារនេះឲ្យល្អបំផុត ជៀសវាងកុំឲ្ហមានបាតុភាពអ្វីកើតមានឡើង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានណែនាំឲ្យលោក កើត ឆែ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមកងកម្លាំងទាំងអស់យកអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រោះជាព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។

ដោយឡែក លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវទទួលភារកិច្ចធ្វើការទទួលស្វាគមន៍ និងជូនដំណើរគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូ កីឡាករថៃទាំងទៅ និងមកឲ្ហបានល្អ។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ ដើម្បីឲ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។

ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

ការប្រកួតនេះ មានពីរគូ រួមមាន ក្រុមទី១ ក្រុមបាល់ទាត់តារាកម្ពុជា និងជាមួយក្រុមបាល់ទាត់តារាថៃ ហើយក្រុមទី២ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕