(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» និងជូនបាច់ផ្កាអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជានារី។

អង្គពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា, អគ្គនាយក, អគ្គាធិការ, ថ្នាក់ដឹកនាំក្រសួង ជាពិសេសមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាស្រ្ដីទាំងអស់សរុបចំនួន ៣០០រូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួង បានអានរបាយការណ៍សង្ខេបស្ដីពី ស្ថានភាពមន្ដ្រីរាជការជាស្ដ្រី និងសកម្មភាពក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍បទ ដោយបានបង្ហាញថា នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ដ្រីរាជការសរុបចំនួន ១,៦២៤រូប មន្ដ្រីរាជការជាស្រី្តមានចំនួន ៤៤៩រូប ស្មើនឹង ២៧,៦% ក្នុងនោះនៅទីស្តីការក្រសួងមានចំនួន ៨១៦រូប ស្រ្តី ២៤១នាក់ ស្មើនឹង ២៧% ដោយឡែកនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត មានមន្ដ្រីរាជការសរុបចំនួន ៨០៨រូប ស្រ្តី ២០៨រូប ស្មើនឹង ២៥,៤%។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការជាស្រ្ដីទាំងអស់ ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធម និងប្រកបដោយភាតរភាពនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាតិនិងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ដែលនាំមកនូវសន្ដិភាព ឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ត្រី បាននាំប្រសាសន៍ផ្ញើសួរសុខទុក្ខ ពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ជូនចំពោះអង្គពិធីក្នុងឱកាសនោះផងដែរ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» គឺពិតជាមានអត្ថន័យខ្លាំងណាស់ ក្នុងការគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមទៀតដូចខាងក្រោម៖

* ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាស តែងតាំងមន្ត្រីរាជការជាស្រ្តីឱ្យកាន់មុខតំណែងគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងគ្រប់អង្គភាព

* ត្រូវផ្តល់អាទិភាពជូនមន្ត្រីរាជការជាស្ដ្រី ជាអ្នកជំនួសមុខតំណែងដែលនៅទំនេរ និងជំនួសមុខតំណែងមន្ត្រីរាជការជាស្ត្រី ដែលបានចូលនិវត្តន៍

* ត្រូវបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសំឡេងស្រី ចូលរួមយោបល់ក្នុងការសម្រេចចិត្តក្នុងអង្គភាព

* បន្តអនុវត្តគោលការណ៍ និងសេចក្តីណែនាំនានា ដើម្បីលើកម្ពស់សមភាពយេនឌ័រក្នុងស្ថាប័ន និងបង្កើនភាពអង់អាចដល់ស្ត្រីឱ្យបានសមស្រប៕