(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រះរាជាណាចក្រថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងនេះ សូមធ្វើការពង្វាងចរាចរដោយអនុគ្រោះ។
នៅក្នុងសេចក្តិជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធប្រដាល់គុនខ្មែរ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដែលពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដើម្បីឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ ជាបណ្តោះអាសន្ននៅតំបន់ជុំវិញទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង ចាប់ពីម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់ព្រឹត្តិការណ៍កីឡាបាល់ទាត់៕