(ព្រះវិហារ)៖ មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតួនាទី ដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិបច្ចុប្បន្ន បានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំនៅសមរភូមិ នៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា បច្ចុប្បន្ន អ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុកម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់កូនចៅជំនាន់ក្រោយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងតំបន់ការពារធនធានធម្មជាតិគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា «ដែនជម្រកសត្វព្រៃនៅទូទាំងខេត្តព្រះវិហារ មានទំហំជាង៩០ហិកតា និងមានមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានចំនួន ៨៤នាក់ កំពុងតែឈរជើងការពារ និងដើរល្បាតលើផ្ទៃដីការពារជិត១លានហិកតានេះ»

អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហាររូបនេះ បានបន្តថា សម្រាប់ផ្ទៃដីការពារធនធានធម្មជាតិគូលែន-ព្រហ្មទេព គឺមានផ្ទៃជាង២៤ម៉ឺនហិកតា និងមានមន្ត្រីបរិស្ថាន និងមន្ត្រីឧទ្យានុរក្សតែចំនួន ២៣រូបប៉ុណ្ណោះ។ ត្រង់ចំណុនេះក៏នៅមានជនខិលខូចមួយចំនួនតូចបានលួចធ្វើសកម្មភាពកាប់ព្រៃឈើ បរបាញ់សត្វព្រៃ ប៉ុន្តែ ទោះជាកម្លាំងមន្ត្រីមានចំនួនតិចក្តី ក្នុងនាមជាមន្ត្រីឧទ្យានុរក្ស មិនរុញរាម្តងណាឡើយដើម្បីចេញល្បាត និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ ដោយមានការសហការជាមួយកម្លាំងកងទ័ព ព្រមទាំងសហគមន៍មូលដ្ឋានបទល្មើសបំផ្លាញធនធានធម្មជាតិ ត្រូវបានថយចុះជាបន្តបន្ទាប់ ខណៈមន្ត្រីឧទ្យានុរក្ស កម្លាំងកងទ័ព ព្រមទាំងប្រជាសហគមន៍មូលដ្ឋាន បានបង្ហាញពីការរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធនធានធម្មជាតិជាង៩០ហិកតានេះ ឱ្យនៅគង់វង្សតជំនាន់ផងដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សមានជាង ១,២០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕