(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពបម្រើជាតិជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះ គឺជាការបង្ហាញការពិតដែលឆ្លុះបញ្ចាំងថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ មិនបានទុកឱ្យពេលវេលាទំនេរ នៅពេលនិយាយអំពីការអភិវឌ្ឍជាតិឡើយ។ Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងធ្វើការដោយមិននឿយហត់ ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ រាជរដ្ឋាភិបាល ដើម្បីតែវិបុលភាព នៃអនាគតជាតិ បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ និងខិតខំធ្វើកិច្ចការទាំងនេះ មិនខ្លាចនឿយហត់ពីមួយថ្ងៃទៅមួយថ្ងៃ និងមិនរួញរាឡើយបើទោះបីជាក្រុមធ្វើនយោបាយប្រឆាំងបានបន្តសកម្មភាពរារាំងមិនឱ្យចក្ខុវិស័យនេះ ក្លាយជាការពិតនោះក៏ដោយ។

មេខ្លោងក្បត់ជាតិ សម រង្ស៊ី នៅតែបន្តប្រឌិតនិងបំភ្លៃការពិតបំភាន់ប្រជាពលរដ្ឋដោយការចោទប្រកាន់មិនពិតថា កម្ពុជាបានប្រឈមបញ្ហាសេដ្ឋកិច្ច រាស្ត្ររងទុក្ខវេទនាមានភាពក្រីក្រ និងចោទថា មានការគាបសង្កត់នយោបាយថែមទៀត។ សម្តីចោទប្រកាន់នេះ ជាសម្តីផ្ទុយពីការពិត និងគ្រាន់តែជាការឃោសនាមួយ ដើម្បីចង់បង្អាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល មិនឱ្យសម្រេចគោលដៅនៃចក្ខុវិស័យឆ្នាំ២០៥០តែប៉ុណ្ណោះ។

*រាជរដ្ឋាភិបាល បន្តការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចស្ថិរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃការវិនិយោគពីបរទេស។ វិស័យទេសចរណ៍នៅតែបន្តរីកចម្រើន ដែលឆ្លុះបញ្ចាំងពីស្ថិរភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាល មន្ត្រីរាជការ និងមន្ត្រីក្រោមឱវាទបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញទំហឹង ដោយខិតខំលើកកំពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។

បើយើងពិនិត្យមើលលើកាលវិភាគរបស់នាយករដ្ឋមន្ត្រី គឺពោរពេញទៅដោយភាពរវល់ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិឈានទៅរកគោលដៅឆ្នាំ២០៥០។ សកម្មភាពដ៏មមាញឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសប្តាហ៍នេះ ដូចជាការចូលរួមក្នុងសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ ថ្ងៃទី៤ មីនា, ការប្រារព្ធទិវាវប្បធម៌ជាតិ ថ្ងៃទី៥ មីនា និងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ថ្ងៃទី៦ មីនា ជាដើម ដែលសុទ្ធជាសកម្មភាពដ៏មមាញឹកដើម្បីតែការនាំប្រទេសឈានទៅរកភាពរុងរឿង បើទោះបីជាស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ។

កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សម្តេចនាយករដ្ឋមន្ត្រីកំពុងបង្ហាញថា គ្មានកន្លែងណាដែលប្រមុខរាជរដ្ឋាភិបាលបានទុកទំនេរនៅពេលនិយាយអំពីការអភិវឌ្ឍជាតិឡើយ។ សកម្មភាពទាំងនេះ គឺផ្ទុយពីអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងចេះតែស្រែកថា រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ មិនដែលបានគិតគូរអំពីជោគវាសនា នៃប្រទេសជាតិនោះឡើយ។ រាជរដ្ឋាភិបាលក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា កំពុងធ្វើដំណើរទៅមុខរបស់ខ្លួនជាមួយនឹងវិធីសាស្រ្តយុទ្ធសាស្ត្រ និងផែនការយ៉ាងល្អរបស់ខ្លួនដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

*ល្បិចបោកប្រាស់របស់ក្រុមជ្រុលនិយម ត្រូវបានបន្តបកអាក្រាត

ទោះបីជាបានមើលឃើញថា កម្ពុជាកំពុងមានវឌ្ឍនភាពដ៏ច្បាស់លាស់ក៏ដោយ, ក្រុមជ្រុលនិយមមួយក្តាប់តូច ដឹកនាំដោយសម រង្ស៊ី នៅតែបន្តផ្សព្វផ្សាយការឃោសនាមិនពិត ក្នុងគោលបំណងញុះញង់ឱ្យមានការបែកបាក់និងចលាចល។ យុទ្ធសាស្ត្ររបស់ក្រុមជ្រុលនិយមទាំងនោះ គឺគ្មានអ្វីប្លែកទេជាល្បិចកលដដែលៗ ដោយការប្រឌិតព័ត៌មាន ការនិយាយបំភាន់អំពីសិទ្ធិមនុស្ស និងការបំផ្លើសអំពីភាពក្រីក្រ និងការគៀបសង្កត់ផ្នែកនយោបាយជាដើម។ ការនិយាយរឿងដដែលៗទាំងនេះ គឺដើម្បីបន្តបោកបញ្ឆោតមនុស្សមួយចំនួនដែលមិនបានតាមដានស្ថានការណ៍ក្នុងស្រុកក៏ដូចជាអន្តរជាតិ និងជាបំណងមួយផ្សេងទៀត ដែលចង់ធ្វើឱ្យមុខមាត់របស់ប្រទេសកម្ពុជា ខូចខាតនៅលើឆាកអន្តរជាតិផង និងបម្រើផលប្រយោជន៍បរទេស ដែលមិនចង់ឱ្យជាតិកម្ពុជារីកចម្រើនទៅមុខក្នុងសម័យឌីជីថលដ៏ទំនើបនេះ។

ផ្នែកដ៏គ្រោះថ្នាក់នៃយុទ្ធសាស្ត្របោកបញ្ឆោតនេះដែរ គឺចលនាតស៊ូដែលពួកគេបានដាក់ឈ្មោះ «ផ្ការីក» ដែលតាមពិតចលនានេះគ្មានអ្វីក្រៅពីការបំភាន់បំភាន់ឡើយ។ ចលនា «ផ្ការីក» ស្អីគេនោះមិនមែនជាចលនានាំមកនូវវឌ្ឍនភាព ឬវិបុលភាពទេ ប៉ុន្តែជាការស្វែងរកភាពហិង្សា, ភាពបែកបាក់ និងអស្ថិរភាពជាតិ។ វាជាចលនាដែលរៀបចំដើម្បីបញ្ឆោតប្រជាពលរដ្ឋ ឱ្យជឿលើការសន្យាមិនពិត ដើម្បីតែមេខ្លោងក្បត់ជាតិ សម រង្ស៊ី កេងចំណេញនយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ អ្នកដែលដើរតាមមាគ៌ានយោបាយបោកបញ្ឆោតរបស់ សម រង្ស៊ី នេះ កំពុងតែនាំអនាគតរបស់ខ្លួនឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នយោបាយដ៏គ្រោះថ្នាក់ ដែលគេគប្បីត្រូវចៀសវាង និងត្រូវដកខ្លួនចេញ និងត្រូវនាំគ្នាមករួមរស់ជាមួយសង្គមជាតិ ក្រោមដំបូលរាជរដ្ឋាភិបាល កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។

គេបានឃើញហើយថា ជាងបីខែបានកន្លងផុតទៅ ចាប់តាំងពីការប្រកាសនៃចលនាតស៊ូរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នៅវត្តភ្នំសិរី ក្នុងរដ្ឋ Massachusetts កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៤, ចលនានេះ ក្រៅពីមានតែឈ្មោះដើម្បីស្វែងរកជំនួយ និងលាភសក្ការៈពីអ្នកគាំទ្រ គឺជាចលនាដែលគ្មានរចនាសម្ព័ន្ធក្បាលនិងកន្ទុយច្បាស់លាស់ឡើយ។ មេខ្លោង សម រង្ស៊ី ដោយសារតែចង់បង្ហាញនូវកម្លាំងរបស់ខ្លួនថ្មីៗនេះបានបញ្ជួនមនុស្សក្រោមបង្គាប់ឈ្មោះ មូ សុខហួរ ដើម្បីធ្វើគៀងគរមនុស្សនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍មួយកាលថ្ងៃទី២ មីនា។ ប៉ុន្តែចលនាមួយដែលគេនិយាយថា ធ្លាប់តែមានមនុស្សចូលរួមច្រើនម៉ឺននាក់ ស្រាប់តែមានមនុស្សចូលរួមប្រមាណតែ៥០០នាក់នោះ ការចូលរួម ដោយមនុស្សតិចតួចបំផុតនេះ គឺជាការបង្ហាញថា មនុស្សកាន់តែច្រើនបានភ្ញាក់រលឹក និងពួកគេបានដកខ្លួនចេញ ពីក្រុមជ្រុលនិយមទាំងនោះហើយ ដោយសារតែល្បិចកលបោកប្រាស់ដដែលៗរបស់ក្រុម ប្រឆាំងទាំងនោះ ត្រូវបានគេបកអាក្រាតការពិតគួរឱ្យអាម៉ាសជាទីបំផុត។

យើងត្រូវទទួលស្គាល់ថា ការពិតតែងតែឈ្នះ ហើយនៅថ្ងៃណាមួយព័ត៌មានប្រឌិត និងមួលបង្កាច់របស់ពួកគេទាំងនេះ នឹងប្រឆាំងពួកគេវិញ ដោយសារការលាតត្រដាងនូវអំពើភូតកុហក និងអំពើលាក់ពុតរបស់ពួកគេ ដែលជាក្រុមជ្រុលនិយ ត្រូវបានសាធារណមតិបានឃើញ នូវ ទង្វើបោកប្រាស់គួរឱ្យខ្មាស់អៀន។

* អ្នកដែលលង់ខ្លួនដោយសារចាញ់នយោបាយក្រុមជ្រុលនិយមត្រូវដកខ្លួនចេញ

ពេលវេលានេះ ជាពេលរបស់អ្នកដែលចាញ់បោកដោយសារការនិយាយមិនពិតរបស់បក្សប្រឆាំងត្រូវបើកភ្នែកសម្លឹងមើលនូវការពិតជាក់ស្តែង។ ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃចង្កោមយុវជនបន្តវេន កំពុងស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវ និងកំពុងធ្វើដំណើរឆ្ពោះទៅមុខរបស់ខ្លួនដើម្បីសម្រេចគោលដៅ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនមានភាពអ្វីលាក់បាំងឡើយ គឺអ្នកណាក៏អាចមើលឃើញនៅក្នុងគ្រប់ទិដ្ឋភាពទាំងឡាយនៃការអភិវឌ្ឍជាតិ។ ទេសចរបរទេស តែងតែស្ញប់ស្ញែងពីដំណើរជាតិរបស់កម្ពុជា ដែលប្រទេសដ៏កំសត់នេះ បានធ្វើដំណើរឆ្លងកាត់ភាពលំបាកដោយសង្គ្រាមរយៈពេលជិត៣០ឆ្នាំ និងទីបំផុតបានក្លាយជាប្រទេសមួយនៃគំរូសន្តិភាព និងការអភិវឌ្ឍ។

ដូច្នេះ អ្នកទាំងឡាយដែលធ្លាប់លង់ខ្លួនលើព័ត៌មានបោកប្រាស់របស់ក្រុមជ្រុលនិយម ត្រូវ មើលឃើញនូវការពិតជាក់ស្តែងរបស់ជាតិខ្លួនឯង, គប្បីទទួលយកការពិតនៃវឌ្ឍនភាពរបស់ជាតិ ហើយរួមគ្នាកសាងប្រទេសកម្ពុជា ដែលមានសន្តិភាព និងវិបុលភាពក្រោមនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យពន្លឺសន្តិភាពបានរះយ៉ាងចិញ្ចាចរយៈពេល២៦ឆ្នាំរួចមកហើយ។ ភស្តុតាងនៃភាពជោគជ័យជាក់ស្តែងរបស់កម្ពុជា នៅលើទឹកដីរបស់ខ្លួនពិតប្រាកដនេះ គឺមិនអាចប្រកែកបានឡើយ។ ខណៈប្រទេសកម្ពុជា កំពុងដើរទៅមុខឈានសម្រេចគោលដៅនៃចក្ខុវិស័យឆ្នាំ២០៥០, យើងទាំងអស់ជាប្រជាជនកម្ពុជា ដោយមិនគិតពីប្រវត្តិនយោបាយ ក៏ត្រូវធ្វើដំណើរទៅមុខជាមួយគ្នា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើង។

*យើងមិនត្រូវឱ្យដៃតូចរបស់ពួកជ្រុលនិយម បាំងពន្លឺព្រះអាទិត្យឡើយ

ទោះបីជាក្រុមជ្រុលនិយម បន្តព្យាយាមបំភ្លៃការពិតក៏ដោយ យើងរំពឹងថា ដៃដ៏តូចរបស់ក្រុម ជ្រុលនិយមនោះ នឹងអាចលាក់បាំងនូវអនាគតដ៏ភ្លឺស្វាងដែលកម្ពុជាកំពុងកសាងបានដែរ។ ចក្ខុវិស័យ និងការខិតខំរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺថ្ងៃដ៏ភ្លឺចែងចាំង ដែលបំភ្លឺផ្លូវរបស់ប្រទេសឆ្ពោះទៅកាន់ភាពរុងរឿង។ យុទ្ធសាស្ត្របោកបញ្ឆោតរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ប្រៀបដូចជាដៃតូច ដែលព្យាយាមបិទបាំងព្រះអាទិត្យ និងទីបំផុតពួកគេនឹងបរាជ័យ។ ដូច្នេះដើម្បីបន្សាបឥទ្ធិពលរបស់ក្រុមជ្រុលនិយម គឺមានតែការពិតយកមកបង្ហាញតែប៉ុណ្ណោះ ទើបវាជាឥទ្ធិពលអាចគ្របដណ្ដប់លើការកុហកបាន៕