(ប៊ែរឡាំង)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) ជួបពិភាក្សាការងារ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា ដែលជាចំណែកមួយក្នុងការជម្រុញកំណើនភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរ។

ការជួបពិភាក្សាការងារនេះ ធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Asitha Dissanayake តំណាងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) និងសហការី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ក្រៅពីនេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) បានពិភាក្សាស្ដីពី កិច្ចសហប្រតិបត្តិការលើ ការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ៕