(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ច «ពិធីបូជាព្រះសិវលិង្គ» មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

តាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្មីៗនេះ​ ក្រសួងបានពិនិត្យឃើញមានគេហទំព័រ ហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។

ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។
ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ។

ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួន អាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។

កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គល ដល់គូស្វាមីភរិយាថ្មីឡើយ។ អាស្រ័យហេតុនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ចពិធីនេះ មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ៕