(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP)។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឌី រ៉ាដូ អភិបាលរង និងជាតំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកស្រី Makiko Matsumoto អ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនៃខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ ដែលជាសមាជិកគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយ NEP ផងដែរ។

លោក សោម ចំណាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ គំនិតផ្តួចផ្តើមដើម្បីកែលម្អការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពាក់កម្លាំងពលកម្មរបស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការដែលកំពុងវិវត្តនៃទីផ្សារការងារ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារបានជំរុញបរិយាកាសការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

អង្គសិក្ខាសាលាបានធ្វើការវិភាគស៊ីជម្រៅ ចែករំលែកទិន្នន័យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងនៃការអនុវត្តគោលនយោបាយ NEP នៅក្នុងមួយទសវត្សរ៍កន្លងមក។ នេះជាជំហានដ៏សំខាន់មួយក្នុងការតាក់តែងគោលនយោបាយ NEP ឆ្នាំ២០២៦-២០៣៥ ដើម្បីធានាបានថាគោលនយោបាយ NEP ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្ន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕