(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងលោកស្រី នួន វិធាវី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីស្រុក ឃុំ ភូមិជាង២០០នាក់ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានប្រវត្តិសង្ខេបស្ដីពីប្រវត្តិទិវានារីអន្តរជាតិ ៨មីនា បានគូសបញ្ជាក់ថា នារីនិងកុមារីក្រីក្ររាប់លាននាក់ បានទាក់ទាញឱ្យចូលធ្វើការងារនៅក្នុងរោងចក្រ សហគ្រាសឯកជននានាទាំងឡាយ ពួកម្ចាស់រោងចក្រ សហគ្រាសមួយចំនួនដែលមានគំនិតលោភលន់ កេងប្រវ័ញលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករបានបង្ឱ្យពួកគេធ្វើការ ជាទម្ងន់ ហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរ នៅទីក្រុងស៊ីកាហ្គោ និងញូវយ៉ក សហរដ្ឋអាមរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្តាច់ទាមទារឲ្យបន្ថយម៉ោងធ្វើការ និងតម្លើងប្រាក់បៀវត្ស ។
លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមនារីយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរលើកទី ១៤៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការកោតសរសើរចំពោះយោធិននារីគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនារីគ្រប់រូបនៅស្រុកសណ្ដាន់ និងនៅឃុំដងកាំបិត ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការដឹកនាំគ្រប់គ្រង និងការផ្សព្វផ្សាយពីសមភាពយេនឌ័រ និងអប់រំអំពីតួនាទីភារកិច្ចរបស់ស្ត្រីគ្រប់រូបនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយនារីយើងគ្រប់រូបក៏បានបំពេញភារកិច្ចជាមាតា ជាភរិយា ជាបង ជាប្អូនស្រីដ៏ល្អ នៅក្នុងក្រុមគ្រួសារនីមួយៗ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយ ខ្លឹមសារមួយចំនួនស្ដីពីទិវាសិទ្ធិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលត្រូវប្រកាន់យក។ នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ជូនដល់យោធិននារី ព្រមទាំងថ្នាក់ដឹកនាំនារីថ្នាក់ស្រុកឃុំភូមិ នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំផងដែរ៕