(កំពង់ស្ពឺ)៖ លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងលោកស្រី ទ្រី ចិន្តា អគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីចេឡុបម៉ិន ឯ.ក និងក្រុមការងារ បានធ្វើដំណើរចុះទៅក្រុងពាលីបុកគ្រឹះ និងប្រគល់ថវិកាកសាងខ្លោងទ្វារសាលាបឋមសិក្សាភូមិថ្មី មិត្តភាពកម្ពុជា-ជប៉ុន នៅខេត្តកំពង់ស្ពឺ ដោយចំណាយថវិកាអស់ជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ។

ក្រៅពីប្រគល់ប្រាក់ទាំងស្រុង ក្នុងការសាងសង់ខ្លោងទ្វារសាលាមួយកន្លែងនោះ នូវទំហំទឹកប្រាក់ជាង ១ម៉ឺនដុល្លារហើយ លោក តាំង សុខឃី និងលោកស្រី ក៏បានចំណាយលើការរៀបចំកម្មវិធីទាំងមូល ចំណាយលើការឧបត្ថម្ភថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ ជូនលោកតាលោកយាយទាំងអស់ដែលមកចូលរួម និងជូនដល់សិស្សសាលាទាំងអស់ ដើម្បីឲ្យទទួលបាននូវថវិកាឲ្យបានគ្រប់ៗគ្នា។ លោកក៏បានរៀបចំអាហារថ្ងៃមួយពេល ជូនដល់លោកតាលោកយាយ ជូនដល់លោកគ្រូ-អ្នកគ្រូ ជូនដល់តន្ត្រីករភ្លេងបុរាណ និងជូនដល់ប្រជាការពារភូមិ ដើម្បីឲ្យពិធីសំណេះសំណាល និងប្រកាសកសាងខ្លោងទ្វារសាលា ដែលចំណាយអស់ជាង១ម៉ឺនដុល្លារនោះ ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍។

លោក តាំង សុខឃី បានថ្លែងថា មូលហេតុដែលនាំឲ្យរូបលោក និងលោកស្រី ឈានដល់ការជួយសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាភូមិថ្មី មិត្តភាពកម្ពុជា-ជប៉ុន នេះ គឺដោយសារតែមាននិស្ស័យ និង មានការបិណ្ឌបាត្រពីព្រះចៅអធិការវត្តភូមិថ្មី ដែលលោកនិងលោកស្រី តែងតែចេញចូលប្រតិបត្តិ ហើយប្រសិនបើសាងសង់ជួយអាគារសិក្សានៅសាលាមួយផ្សេងទៀត ដែលលោកនិងលោកស្រីបានជួយដែរនោះ នឹងសល់មូលនិធិអាចជួយបានទៀត លោកនឹងពិចារណារឿងជួយសាងសង់របងសាលា តបតាមការស្នើសុំបន្ត។

ជាមួយនឹងការធ្វើពិធីលើកមុខសាលា និងជួយកសាងសមិទ្ធផលសាលាក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ បានធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង ដល់លោកនិងលោកស្រី ព្រមទាំងក្រុមការងារ ដែលតែងតែលះបង់ជួយដល់សង្គមជាតិ និងចែករំលែកក្ដីស្រលាញ់ជាគំរូដល់មហាជន៕