(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពសរុប២៣នាក់ ដើម្បីសម្តែងការអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានថ្លែងថា តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជូនអំណោយអនុស្សាវរីយ៍ និងថវិកាដល់នារីទាំង ២៣នាក់ផងដែរ។

សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕