(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងភរិយា បានជួបសំណេះសំណាលជាមួយស្ត្រីជាមន្ត្រីនគរបាល ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក មន្ត្រីនគរបាលជិត៣០០នាក់។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបង្ហាញឲ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឲ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។
លោកបានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែ យកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
លោកបានបន្តថា ជារៀងរាល់ឆ្នាំគឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរសនិងស្ត្រីដើម្បីឆ្ពោះទៅលើកកម្ពស់សមភាពស្រី្ត និងក្មេងស្រីគ្រប់រូប និងផ្តល់ឱកាសដល់ស្ត្រី ក្នុងឆាកនយោបាយ និងសង្គម។
លោកបានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះ ដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព ដូច្នេះស្ត្រីគ្រប់រូបមិនត្រូវទន់ជ្រាយ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឲ្យស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យាទំនើប (សម័យឌីជីថល)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បាច់ជូនបាច់ផ្កាទៅដល់ភរិយារបស់លោក និងផ្តល់នូវកាដូអនុស្សាវរីយ៍ដល់មន្ត្រីនគរបាល និងបន្ថែមដល់មន្ត្រីនគរបាលមានផ្ទៃពោះព្រមទាំងឆ្លើយសំណួរផងដែរ៕