(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចលេខ៤២២ កងពលតូចថ្មេីរជេីងលេខ៤២ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជាប្រចាំ និងគ្រប់កាលៈទេសៈពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពដែនដី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ។
ស្របពេលដែលពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងទទួលជោគជ័យគ្រប់ភារកិច្ច ពិសេសដោយសាររដូវនេះជារដូវក្តៅ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីចៀសផុតពីជំងឺផ្សេងៗ៕