(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅសាលាក្រុងបាវិត។

ពិធីនេះមានការចូលរួមពីសំណាក់លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង, លោក លឹម សៀងហេង អភិបាលក្រុង, លោកលោកស្រីអភិបាលរងក្រុង កងកម្លាំងទាំង៣ លោកនាយករដ្ឋបាលស្ដីទីក្រុង លោកលោកស្រីសមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ទាំង៥ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកស្រីឯក សុវណ្ណភារៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ជាមួយគ្នានេះ លោកស្រីបានសំណូមពរដល់ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពលផងដែរ៕