(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ខែ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ​ ឆ្នាំ២០២៥​ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្ត នៅពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានឱ្យដឹងថា បើតាមស្ថិតិ គ្រោះថ្នាក់ ដែលបណ្តាលមកពីអគ្គិភ័យឆ្នាំ២០២៤ ប្រៀបធៀបឆ្នាំ២០២៣ នៅទូទាំងខេត្ត មានចំនួន៤៣លើក ថយចុះ៥លើក កត្តាមកពីឆ្លងចរន្តអគ្គិសនី៣០% ធ្វេសប្រហែស២៤% ភ្លើងឆេះព្រៃ៣៥% និងកត្តាផ្សេងៗទៀត៩%។ គោលដៅងាយរងគ្រោះ ដូចជាស្ថានីយ៍ កន្លែងស្តុបចែកចាយប្រេងឥន្ទនៈ ហ្គាស សិប្បកម្មកែឆ្នៃ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមានការធ្វេសប្រហែស។ ចំពោះកម្លាំងការិយាល័យ និងសម្ភារៈបម្រើការងារសង្គ្រោះ នៅមានកម្រិតដូចជាម៉ាសការពារផ្លូវដង្ហើម បំពុងអុកស៊ីហ្សែន និងមធ្យោបាយទំនាក់ទំនងជាដើម។

លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលបង្ហាញជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបន្តថា​ គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គិភ័យ មានឥទ្ធិពលខ្លាំងក្លាណាស់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារ មាសប្រាក់ និងផ្ទះសម្បែង អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារករណីអគ្គិភ័យនេះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ​ ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គិភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទិវានេះនឹងក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតី និងក្រើនរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមកាន់តែខ្លាំងក្លា និងសកម្មថែមទៀត ក្នុងការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យនេះ។

លោកអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១៖ ត្រូវរៀបចំផែនការសកម្មភាព ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធវិធីសាស្រ្តបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ។
ទី២៖ ត្រូវចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា។
ទី៣៖ ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គិភ័យទាំងអស់ ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឱ្យបានគ្រប់គ្រាន់​។​​
ទី៤៖ ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ។
ទី៥៖ ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គិភ័យ ដល់ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យនៅនឹងកន្លែងឱ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ។
ទី៦៖ គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួមសណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គិភ័យនានា ដែលអាចកើតឡើង។
ទី៧៖ នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឱ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឱ្យអស់លទ្ធភាព។
ទី៨៖ មន្ត្រីជំនាញពន្លត់អគ្គិភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្ម នៅពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឡើយ ។
ទី៩៖ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឱ្យមានរៀបចំរក្សាផ្លូវ ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យអាចចេញចូលបាន ហើយករណីនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។
ទី១០៖ ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បង ដែលបណ្ដាលឱ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕