(រ៉ូម)៖ គ្រោះរញ្ជួយដីបីលើកក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បានវាយប្រហារភាគកណ្តាលប្រទេសអ៊ីតាលី នៅថ្ងៃពុធ ដែលនាំឲ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង ខណៈភាពភ័យខ្លាចនៃគ្រោះរញ្ជួយដីកាលពីខែសីហា ដែលបានសម្លាប់មនុស្សរាប់រយនោះនៅមិនទាន់ ស្រាកស្រានផង។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីទាំងបីលើកនេះគឺលើកទីមួយមានកម្រិត ៥.៤រ៉ិចទ័រ, ទីពីរ ៦.១រ៉ិចទ័រ, និងទីបី ៤.៩រ៉ិចទ័រ ដែលបានកើតឡើងពីរម៉ោងម្តង បានបណ្តាលឲ្យអគារចាស់ៗនៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ដួលរលំអស់យ៉ាងច្រើន ហើយក្នុងនោះក៏មានព្រះវិហារវ័យចំណាស់ បំផុតផងដែរ ប៉ុន្តែសំណាងល្អពុំមាន មនុស្សណាម្នាក់បានស្ថិតនៅក្នុងព្រះវិហារ នៅពេលដែលកើតហេតុនោះឡើយ។
លោក Fabrizio Curcio ប្រធាននាយកដ្ឋានការពារស៊ីវិលអ៊ីតាលីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានរងរបួសក្នុង ៤នាក់មានសភាពធ្ងន់ធ្ងរ ប៉ុន្តែចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត។ ដោយឡែកសម្រាប់ចំនួនមនុស្សស្លាប់វិញ គឺពុំទាន់ មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់នោះឡើយ។ គួរបញ្ជាក់ថាកាលពីខែសីហា គ្រោះរញ្ជួយដីដ៏កក្រើកមួយបានវាយប្រហារតំបន់ Marche, Lazio, និង Umbria បានបណ្តាលឲ្យប្រជាជនអ៊ីតាលី សរុបជិត ៣០០នាក់បាត់បង់ជីវិត៕