(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន១០ ទូទាំងប្រទេស។
រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ ២០២៤ ដោយក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ខណៈដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១។
ជ័យលាភីលេខ៣ បានទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, លេខ៤ បានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, លេខ៥ បានទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ, លេខ៦ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, លេខ៧ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, លេខ៨ មន្ទីរពេទ្យតេជោសែនកោះធំ (កណ្ដាល), លេខ៩ មន្ទីរពេទ្យខេត្តស្វាយរៀង និងលេខ១០ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
ចំពោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជ័យលាភីលេខ២ មន្ទីរពេទ្យនេះ ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។
មន្ទីរពេទ្យនេះ បាននិងកំពុងដើរតួនាទីជាមន្ទីរពេទ្យផ្តល់សេវាថ្នាក់តំបន់ ដោយសារមន្ទីរពេទ្យនេះ មានការអភិវឌ្ឍ និងមានកម្រិតសមត្ថភាពរបស់ខ្លួន ខ្ពស់ជាងបណ្តាមន្ទីរពេទ្យខេត្តដ៏ទៃក្នុងតំបន់ ដែលបានធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅក្នុងបណ្តាខេត្តក្បែរខាងក៏មកប្រើសេវានៅទីនេះយ៉ាងច្រើនផងដែរ ជាពិសេស នៅពេលដែលពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬមានភាពស្មុគស្មាញ ដែលមានចំនួននេះមានប្រមាណ ២០ភាគរយនៃករណីសម្រាកពេទ្យសរុប។
សម្រាប់ឆ្នាំ២០២៤ ដែលទើបកន្លងទៅថ្មីៗនេះ មន្ទីរពេទ្យសម្រេចបានករណីពិគ្រោះជំងឺក្រៅសរុប ចំនួន ១៣៨ ១៣៩ ករណី និងមានករណីសម្រាកពេទ្យចេញពីមន្ទីរពេទ្យសរុបមាន ៣០ ៩៩៦ ករណីដែលក្នុងនោះមានស្លាប់ចំនួន ៤៣៦ករណី ស្មើនឹង១,៤ ភាគរយ។
ចំពោះជ័យលាភីដ៏ត្រចះត្រចង់នៅពេលនេះ បង្ហាញឃើញឱ្យច្បាស់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ មិនឈប់ពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យ រួមទាំងមន្រ្តី បុគ្គលិកគ្រប់ផ្នែក ក្នុងការធ្វើយ៉ាងណា ផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ។ ការអភិវឌ្ឍរបស់មន្ទីរពេទ្យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា៕