(កណ្ដាល)៖ កាលពីថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ ក្រុមការងារមន្ទីររ៉ែ​ និងថាមពល​ខេត្តកណ្តាល បានចុះទៅពិនិត្យទីតាំង​រណ្តៅដីមួយកន្លែងរបស់ស្រ្តីឈ្មោះ អីវ​ ស្រីនាង​ ក្នុងភូមិស្រែអំបិល​ ឃុំឈ្វាំង ស្រុពញាឮ​ ខេត្តកណ្តាល​ ដោយសារតែធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ ពោលការសុំច្បាប់ជីករណ្តៅដី ការសុំច្បាប់ត្រឹមរដ្ឋបាលស្រុក គឺអនុញ្ញាតត្រឹមតែទំហំកន្លះហិកតាប៉ុណ្ណោះ។

សេចក្តីរាយការណ៍ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយចុះពិនិត្យជាក់ស្តែងនៅទីតាំងរណ្តៅដីខាងលើនេះរួចមក ក្រុមការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានសម្រេចបិទដំណើរការជាបណ្តោះអាសន្ន ដោយរង់ចាំការសុំច្បាប់ត្រឹមត្រូវឡើងវិញ។

បើតាមសេចក្តីរាយការណ៍ រណ្តៅដីមានអាជ្ញាបណ្ណត្រឹមស្រុក ទំហំ​ ១០០ម គុណ ៥០ម ជម្រៅមធ្យម៦មែត្រ ស្មើ៣០០០០ម៉ែត្រត្រីគុណ​ តែម្ចាស់អាជីវកម្ម បានធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ​ (ជម្រៅ)​ ដូច្នេះត្រូវរងការពិន័យជាប្រាក់ចំនួន៥លានរៀល។

សូមបញ្ជាក់ថា សម្រាប់អាជីវកម្មជីករណ្តៅដីមួយនេះ លោកស្រី អ៉ីវ ស្រីនាង បានដាក់ពាក្យស្នើទៅកាន់សាលាស្រុកពញាឮ តែពុំមានបញ្ជាក់ទំហំនោះឡើយ ដូច្នេះការជីកនេះគឺលើសពីការកំណត់របស់ខេត្ត និងក្រសួងហើយ។ ការជីកទំហំចាប់ពីកន្លះហិកតា ចាំបាច់ស្នើសុំដល់ថ្នាក់ខេត្ត ប៉ុន្តែអាជីវកម្មនេះអាចជីកលើសទំហំរហូតដល់ជិត៣ហិកតា ខណៈដែលខ្លួនបានស្នើសុំត្រឹមថ្នាក់ស្រុកប៉ុណ្ណោះ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា សម្រាប់អាជីវកម្មកាយដីនេះ ក្រុមដឹកអាចម៍ដីចេញពីរណ្ដៅដីទៀតសោត គ្មានគោរពតាមបទដ្ឋានបច្ចេកទេសឡើយ ហើយផ្លូវក្នុងភូមិអាចទទួលរងផលប៉ះពាល់ខូចខាតនាពេលខាងមុខមិនឡើយ ព្រោះឡានធ្ងន់ ហើយដឹកហុយទ្រលោមពិបាកដកដង្ហើម ដែលនាំឲ្យប៉ះពាល់ផ្លូវដង្ហើមពលរដ្ឋទៀតផង។

ជាមួយគ្នានេះ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីមូលដ្ឋាន សម្រាប់ទីតាំងផ្សេងទៀតដូចជា នៅបឹងខ្នងចាម​ ក៏សង្ស័យមានរណ្តៅដីអត់ច្បាប់ផងដែរ ដែលមន្រ្តីរបស់មន្ទីររ៉ែ និងថាមពលខេត្ត គួរចុះពិនិត្យមើលជាក់ស្តែង ដើម្បីមាន វិធានការបន្តទៀត ​ចៀសវាងការគេចបង់ពន្ធជូនរដ្ឋ៕