(ឧត្តរមានជ័យ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាលការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុត នៅក្នុងស្រុកចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ចំនួន ២,០២៥គ្រួសារ បន្ទាប់ពីបានចុះជួបសំណេះសំណាលប្រជាពលរដ្ឋនៅ២ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ចំនួន ២,២៥០គ្រួសារ កាលពីម្សិលមិញនេះ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកបដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក ចំពោះលោកតា លោកយាយ អុំ ពូ មីង កូនក្មួយ ដែលធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ដ ព្រោះតែទឹកចិត្ដព្រហ្មវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌នៅកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ។
ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ប្រកបដោយសេចក្ដីសណ្ដោះប្រណីពោរពេញដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបានអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានជម្រកមូសខ្លានាំកើតគ្រុនឈាមជាដើម។
សម្រាប់ស្ត្រីមានផ្ទៃពោះ សូមថែរក្សាសុខភាពខ្លួន និងទារកក្នុងផ្ទៃ និងសូមទៅពិនិត្យផ្ទៃពោះយ៉ាងតិចឱ្យបាន៤ដងមុនពេលសម្រាល។ នៅពេលសម្រាលសូមទៅមន្ទីរពេទ្យ ឫ មណ្ឌលសុខភាព ដែលមានពេទ្យជំនាញត្រឹមត្រូវ និងត្រូវបន្តថែទាំសុខភាពខ្លួន និងទារកក្រោយសម្រាល ព្រមទាំងនាំកូនទៅទទួលវ៉ាក់សាំង តាមការកំណត់របស់ពេទ្យ ។
លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការលុបបំបាត់ បញ្ហាគ្រឿងញៀន, ល្បែងស៊ីសង, ក្មេងទំនើង, អំពើហឹង្សាក្នុងគ្រួសារ និងកុំសេពគ្រៀងស្រវឹង។
ជាមួយគ្នានេះ សូមសាខា/អនុសាខាកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង/មិនឆ្លងនានា ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍។ល។
ការសំណេះសំណាលប្រកបដោយអត្ថន័យ ចេញពីបេះដូងរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង ព្រោះតែការបង្ហាញវត្តមានរបស់មាតាមនុស្សធម៌ ជាញឹកញាប់ជាមួយប្រជាពលរស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានក្ដីស្រលាញ់ អាណិត មេតា្ដ ជួយយកអាសារ និងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរហូតមក ពិសេសវត្ដមានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងរយៈពេល២ថ្ងៃនេះ ទី៥-៦ ខែមិនា លើទឹកដីខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះប្រជាពលរដ្ឋដែលទទួលបានការជួយសម្រាលការលំបាកពីអ្នកម្ដាយមនុស្សធម៌មនុស្ស បានលើកដៃប្រណម បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយតាមថែរក្សាអ្នកម្ដាយមនុស្សធម៌ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានគុណដ៏មហាសាល មានសុខភាពល្អ បរិបូរណ៌ បន្ដដឹកនាំការងារមនុស្សធម៌ ជួយសង្គ្រោះ និងសម្រាលការលំបាកដល់ប្រជាជនដែលងាយរងគ្រោះបំផុតគ្រប់រូបភាពនៅកម្ពុជា ដោយមិនប្រកាន់ពណ៌សម្បុល ពូជសាសន៍ និងនិន្នាការនយោបាយអ្វីទាំងអស់ ។
បេសកកម្មមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅលើទឹកដីខេត្តឧត្តរមានជ័យរយៈពេល ២ថ្ងៃទី ៥-៦ ខែមិនានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ជាង៤ពាន់គ្រួសារ ក្នុងភូមិស្រុកចំនួន ៥ នៃខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។
ឱកាសសំណេះសំណាលខាងលើនេះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។
ស្បៀង សម្ភារៈថវិកាខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ លោកអ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភ ប្រេងឆា ៥ពាន់ដប, លោកអ្នកឧកញ៉ា ភូ ហុងសួន ស៊ីគង់ទ្រីវ បានឧបត្ថម្ភ មី ៥ពាន់កេស, អ្នកឧកញ៉ា វិញ ហ៊ួរ និងលោកជំទាវ ឆេង សៀង វិញហ៊ួរ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រផលិតអគ្គិសនី និងរ៉ែធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ឧបត្ថម្ភ អង្ករចំនួន ៥០តោន, លោកជំទាវឧកញ៉ា លីម ស្រីពៅ ឧបត្ថម្ភ ស្ករស ៥តោន, ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ ឧបត្ថម្ភ សាប៊ូកក់សក់ (ក្លិន) ចំនួន ៥ពាន់ដប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភថវិកា ១០លានរៀល, លោកជំទាវ ភេ ដាលីន អ៊ុតឈន ឧបត្ថម្ភថវិកា ៥លានរៀល, អ្នកឧកញ៉ា ឈុន អូន និងលោកជំទាវ ឧបត្ថម្ភថវិកា ៤០០លានរៀល, ឧកញ៉ា លឹម ហេង និងលោកជំទាវ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន៊ ហ៊ុនសែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សប្បុរជនទាំងអស់ដែរបានមានសទ្ធាជ្រះថ្លា ឧបត្ថម្ភនូវថវិកា និងសម្ភារៈនានា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត។
សូមជម្រាបផងដែរថា ក្នុងឱកាសសំណេះសំណាលនេះ កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជូន ស្បៀង-សម្ភារៈចំនួន ២២៥ឈុតផ្សេងទៀតសម្រាប់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាំយកអំណោយទាំងនេះ ទៅបន្តចែកជូនដល់លំនៅដ្ឋានប្រជាជនងាយរងគ្រោះបំផុត។ ដូច្នេះសរុបការផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះបំផុត ទាំង៥ក្រុង/ស្រុក ក្នុងខេត្តឧត្តរមានជ័យ មានសរុប ៤,៥០០គ្រួសារ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ និងសៀមរាប ព្រមទាំងវត្តមានរបស់សប្បុរសជនជាច្រើនរូប រួមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ៕