(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង និងសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជន និងចាស់ជរា និងជនងាយរងគ្រោះនានា។
សម្តេចផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ដែលបានអនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតដល់លោកស្រី និងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសម ក៏ដូចជាគោរពជូនពរសម្តេចនៅក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា និងទទួលអនុសាសន៍ណែនាំ ដើម្បីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន យកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព នៅក្នុងសកម្មភាពមនុស្សធម៌ និងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅសង្គមកាន់តែច្រើនឡើងបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌ទំាងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ការផ្សារភ្ជាប់សុខទុក្ខនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គម និងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានរៀបចំបង្កើតរចនាសម្ព័ន្ធសមាគមនៅតាមក្រសួង ស្ថាប័ន និងខេត្តរាជធានី ទូទំាងប្រទេស ក្នុងការចូលរួមចំណែកដល់ការងារមនុស្សធម៌ សង្គម និងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។ ការបង្កើតរចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ មកជាការចូលរួមចំណែក និងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ពីព្រោះថាបុរស និងស្រ្តីជាដៃទំាងពីរត្រូវជួយគ្នាទៅវិញទៅមកដោយមិនអាចខ្វះដៃណាមួយបានឡើយ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកថា នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តី និងកុមារី ត្រូវបានអនុវត្តតំាងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាព និងការអភិវឌ្ឍ បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែករដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
សម្តេចធិបតីក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន និងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។ នេះបើតាមប្រសាសន៍រំលឹករបស់ សម្តេចប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បន្តថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទី និងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាព និងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។
នៅក្នុងឱកាសដ៏រីករាយ និងស្និទ្ធស្នាលនេះ សម្តេចបានរំលឹកពីអនុស្សាវរីយ៍នៅក្នុងការបម្រើការងារជាអ្នកសារព័ត៌មាន ដែលសម្តេចបានឆ្លងកាត់ កាលពីអតីតកាលជាមួយសហការីមួយចំនួនដែលបច្ចុប្បន្ននេះ បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗនៅក្រសួងព័ត៌មាន។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សម្តេចតែងតែផ្តើមកសាងស្នាដៃពីការងារតូចៗមក មុននឹងក្លាយជាប្រធានរដ្ឋសភា ពិសេសជាថ្នាក់ដឹកនាំសភាជាស្រ្តីមួយរូបដែលបានចូលរួមនៅក្នុងវេទិកាអន្តរសភានានាក្នុងការការពារផលប្រយោជន៍ជូនស្រ្តីផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថាស្រ្តីមានចរិតធ្វើការហ្មត់ចត់ យកចិត្តទុកដាក់ ព្យាយាមដើម្បីសម្រេចបានជាលទ្ធផល។
បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដោយក្រៅពីការបន្តបេសកកម្មដ៏ល្អ ដែលបានបំពេញនាពេលកន្លងមកហើយ ត្រូវបង្កើតឱ្យមានការជួបជុំជាប្រចាំក្នុងរង្វង់សមាគម ដើម្បីបានស្តាប់មតិស្តាប់យោបល់ពីសមាជិកក្នុងប្រយោជន៍ស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា រួមគ្នាដោះស្រាយ ក៏ដូចជាការពង្រឹង កសាងសមត្ថភាព របស់ស្រ្តីផងដែរ។
សម្ដេចផ្ដល់អនុសាសន៍បន្តថា ដោយសារក្រសួងព័ត៌មានមានតួនាទីដ៏សំខាន់មួយនៅក្នុងការអប់រំពលរដ្ឋ ដូច្នេះសូមប្រើប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការចូលរួមដល់ការបញ្រ្ជាបយេនឌ័រនៅក្នុងសង្គម។ ផ្តល់ការបណ្តុះបណ្តាល និងលើកចិត្តដល់ស្រ្តីក្នុងការទទួលបានការអប់រំ ផ្នែកបច្ចេកវិទ្យា និងតួនាទីនានាស្របតាមសមត្ថភាព៕