(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី «ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម» ដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រី, លោករដ្ឋលេខាធិការ, លោកប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធ។
«ធនធានទឹក» គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៥ ក្នុងក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាននូវសន្ដិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរ-ភាព ត្រូវបានកំណត់ជាអាទិភាព។ ជាចលនការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍ ការកើនឡើងផ្ទៃដីដាំដុះ, ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេស នៅក្នុងរដូវប្រាំង តម្រូវជាការចាំបាច់ឲ្យបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន។
ស្ថាន-ភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹក ក្នុងកម្រិតសុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច។
ជារួម, អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងទឹក និងបញ្ហាប្រឈមដែលរួមមាន៖ ភាពមានកម្រិតនៃប្រសិទ្ធភាពនៃការបែង-ចែកធនធានទឹក, កង្វះលិខិតបទដ្ឋានគតិយុត្ត, ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្ដីពីទិន្នន័យប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។
ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖
១៖ វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់,
២៖ វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្ដោតលើការវាយតម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម, និង
៣៖ វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្ដោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្ដយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្ដការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។
ជាកិច្ចបញ្ចប់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលបានខិតខំរៀបចំ និង សិក្សាលើ «ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម» នេះឡើង ៕