(ភ្នំពេញ)៖ អ្នកស្រី នួន គឹមសួ អាយុ ៣៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានអះអាងថា លោក ជុំ សារាយ ចៅសង្កាត់ភ្នំពេញថ្មី បានបដិសេធលើសំណើសុំចុះហត្ថលេខាលើលិខិតស្នាមលក់ផ្ទះរបស់អ្នកស្រី ហើយលោក ជុំ សារាយ ថែមទាំងបានរារាំងអ្នក ដែលចង់មកទិញផ្ទះរបស់អ្នកស្រីថែមទៀតផង។
អ្នកស្រី នួន គឹមសួ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបដិសេធរបស់លោក ជុំ សារាយ ក្នុងការចុះហត្ថលេខាលើលិខិតស្នាមលក់ផ្ទះរបស់អ្នកស្រីនេះ ដោយសារតែអ្នកស្រីមានជម្លោះជាមួយបងប្អូន និងសាច់ញាតិរបស់លោក ជុំ សារាយ។
អ្នកស្រី នួន គឹមសួ បានរៀបរាប់រថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកស្រី បានមានជម្លោះជាមួយសាច់ញាតិរបស់លោក ជុំ សារាយ ដែលជាអ្នកមានលំនៅឋានជិតខាងគ្នា ឈ្មោះ អុក ណារិន និង អុក ចិន្តា រហូតមានការទាស់សម្តីដាក់គ្នាបន្តិចបន្តួច តែមិនបានឈានដល់ការបង្ករបួសស្នាមនោះឡើយ។
ក្រោយពេលមានជម្លោះ ក្រុមសាច់ញាតិរបស់លោក ជុំ សារាយ ក៏បានប្តឹងអ្នកស្រី នួន គឹមសួ ទៅសាលាដំបូងរាជធានីភ្នំពេញទារសំណងជំងឺចិត្តរាប់ម៉ឺនដុល្លារ តែត្រូវចៅក្រមសាលាដំបូងសម្រេចឲ្យអ្នកស្រី នួន គឹមសួន សងជំងឺចិត្តត្រឹមជាង ២ពាន់ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់ជម្លោះ។ ការសម្រេចនេះ ដោយសារតែតុលាការបានពិនិត្យឃើញថា ជម្លោះមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
ការសម្រេចចិត្តរបស់ចៅក្រមសាលាដំបូងទាំងភាគីដើមបណ្តឹង និងអ្នកស្រី នួន គឹមសួន ជាចុងចោទសុទ្ធតែមិនទទួលយកដូចគ្នា។ ដើមបណ្តឹងបានដាក់ពាក្យបណ្តឹងបន្តទៅកាន់សាលាឧទ្ធរណ៍ តែមិនទាន់មានការជំនុំជម្រះនៅឡើយទេ។
ដោយឡែកអ្នកស្រី នួន គឹមសួ បានបញ្ជាក់ថា អ្នកស្រីមិនផ្តល់សំណងជំងឺចិត្តជាង ២ពាន់ដុល្លារ តាមបង្គាប់របស់ចៅក្រមឡើយ ព្រោះអ្នកស្រីមិនបានបង្ករបួសស្នាមអ្វីលើភាគីដើមបណ្តឹងនោះឡើយ បើអ្នកស្រីបង់ប្រាក់សងជំងឺចិត្តស្មើនិងអ្នកស្រីប្រព្រឹត្តខុសហើយ។ អ្នកស្រីអះអាងថា ជម្លោះនោះ គឺក្រុមគ្រួសារឈ្មោះ អុក ណារិន ដែលជាសាច់ញាតិរបស់លោក ជុំ សារាយ ទៅវិញទេ ជាអ្នកលើកបក្ខពួកទៅរករឿងអ្នក ស្រី។
អ្នកស្រី គឹមសួ បានបន្ថែមថា ផ្តើមចេញពីជម្លោះនេះ គ្រួសាររបស់អ្នកស្រី អុក ណារិន អាងជាសាច់ញាតិរបស់លោក ជុំ សារាយ នោះ បានប្រាប់ទៅលោក ជុំ សារាយ បង្អាក់មិនឲ្យចុះហត្ថលេខាលើលិខិតទិញលក់ផ្ទះរបស់អ្នកស្រីឡើយ។
អ្នកស្រី គឹមសួ បានបញ្ជាក់បន្ថែមថា មិនត្រឹមតែមិនព្រមចុះហត្ថលេខាលើលិខិតទិញលក់ផ្ទះនោះឡើយ លោក ជុំ សារាយ នៅបានណែ នាំអ្នករកស៊ីគួកជេផ្ទះ មិនឲ្យនាំភ្ញៀវទៅទិញផ្ទះនេះថែមទៀតផង។ លើសពីនេះទៀតក្រុមគ្រួសារ អ្នកស្រី អុក ណារិន ដែលជាអ្នកមានជម្លោះ តែងតែទៅរករឿង និងរារាំងរាល់អ្នកទៅរកទិញផ្ទះរបស់អ្នកស្រី។
អ្នកស្រី បានឲ្យដឹងថា អ្នកស្រីពឹងផ្អែកទាំងស្រុងទៅលើការរកស៊ីទិញ និងលក់ផ្ទះ ដើម្បីសល់ប្រាក់ចំណេញបន្តិចបន្តួចចិញ្ចឹមកូន និងផ្គត់ផ្គង់ក្នុងគ្រួសារ ដោយមិនមានរបរអ្វីផ្សេងទៀតនោះឡើយ។
បន្ទាប់ពីមានការបង្អាក់ពីចៅសង្កាត់ ជុំ សារាយ បែបនេះ ធ្វើឲ្យអ្នកស្រី គឹមសួ ជួបបញ្ហាក្នុងជីវភាពជាខ្លាំង។ អ្នកស្រី គឹមសួ បានស្នើដល់ថ្នាក់ដឹកនាំខណ្ឌសែនសុខ ជួយពិនិត្យទៅលើសកម្មភាពរបស់លោកចៅសង្កាត់ ជុំ សារាយផង។
មិនមែនមានតែករណីនេះមួយទេ លោក ជុំ សារាយ ជាចៅសង្កាត់មួយរូប ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់រិះគន់ថា តែងព្យាយាមស្វែងរកលាភសក្ការៈពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ជាពិសេសការចុះហត្ថលេខាលើលិខិតស្នាមទិញលក់អចលនទ្រព្យ ផ្ទះ ដី របស់ប្រជាពលរដ្ឋតែម្តង។
ទោះបីជាយ៉ាងណាការចោទប្រកាន់ខាងលើនេះ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានព្យាយាមទូរស័ព្ទទៅលោក ជុំ សារាយ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទរបស់លោកហៅចូលហើយ គ្នាអ្នកទទួលនោះឡើយ។
បើទោះបីមិនទាន់មានការបញ្ជាក់ជុំវិញបញ្ហានេះពីចៅសង្កាត់ ជុំ សារាយ យ៉ាងណាក្តី តែថ្នាក់ដឹកនាំខណ្ឌសែនសុខ និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស គួរពិចារណាលើការលើកឡើងរបស់ប្រជាពលរដ្ឋចៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង ប្រជា ប្រិយភាពបក្ស គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ជិតឈានមកដល់ហើយនោះ៕